ភ្នំពេញ៖ អនុលោមតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លើលិខិតលេខ ៧៧៦៨ សហវ.លស ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយក រដ្ឋមន្ត្រី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជនជ្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រតាមរយៈការលើកលែងនិងអនុគ្រោះផ្នែកពន្ធដារ ដូចខាងក្រោម៖
– ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរង ពិន័យស្មើនឹង ១០០ (មួយរយ) ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួស រយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។
– អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណី អចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
– អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិត អនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទ សាងសង់។
– លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពី អង្គភាពសាមី។
ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់អចលនទ្រព្យដែលមាន ឯកសារកំពុងដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ឬនៅរដ្ឋបាល សារពើពន្ធ សូមមេត្តារួសរាន់មកបំពេញបែបបទនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីនិងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬ សិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធលើអចលនទ្រព្យ ដើម្បីអាចទទួលបណ្ណកម្មសិទ្ធិបានឆាប់រហ័ស។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យ និងសាធារណជននឹងយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕
ដោយ៖តារា










