ភ្នំពេញ÷ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ០១គ្រឿង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយគេចខ្លួនបានត្រឹមតែ០៦ថ្ងៃ ប៉ុណ្ណោះ។
ជនសង្ស័យ ទាំង០៣នាក់នោះ រួមមាន ៖
១- ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ ,មានសារធាតុញៀន) ។
២- ឈ្មោះ បាន ម៉េងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ ,មានសារធាតុញៀន)។
៣- ឈ្មោះ សុធារិន វីរុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ(នៅផ្ទះ ,មានសារធាតុញៀន) ។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោក ឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី (លួចមានស្ថានទម្ងន់ ទោស ,ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដករហូតវត្ថុតាងចាប់យករួមមាន ៖ – ម៉ូតូម៉ាក SUZUKI NEX ពណ៌ស០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង ខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










