ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨» ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។
នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានប្ដូរវេននៃកិច្ចប្រជុំអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតតំបន់ដ៏មានសារៈសំខាន់នាពេលនេះ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ គឺជាវេទិកាដ៏មានតម្លៃក្នុងការផ្លាស់ប្តូរយោបល់តាមបែបបើកចំហ និងត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យមុខងារសាធារណៈ ដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានកំពុងជួបប្រទះ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្ដិភាព។
សម្ដេចធិបតី បន្តថា បន្ទាប់ពីស្ថាប័នជាតិស្ទើតែត្រូវបានបំផ្លាញទាំងស្រុងក្នុងសម័យខ្មែរក្រហម កម្ពុជាបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីបាតដៃទទេនៅក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរយៈការប្រមូលផ្ដុំធនធានមនុស្ស និងបញ្ញវន្តដែលនៅរស់រានមានជីវិត ៕
ដោយ ៖ សិលា










