ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅសាលាខេត្តមណ្ឌលគិរី សាលប្រជុំអគារ “គ” ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៦ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានសមាសភាពចូលរួម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ ស្នងការរង មេបញ្ជាការ កងរាជអាវុធហត្ថ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន ការិយាល័យប្រជាពលរដ្ឋ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធាន ការិយាល័យជំនាញសាលាខេត្ត និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំង៣។
កិច្ចប្រជុំសម្រេចលទ្ធផលដូចខាងក្រោម៖
ក្រុមប្រឹក្សាខេត្ត បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត បានអនុម័តរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តនិងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
បញ្ហាផ្សេងៗ និងសំណូមពរ
លោក ម៉ែន ង៉ុយ ប្រធានអង្គប្រជុំ បានស្នើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យ និងជួសជុលជាបន្ទាន់ គម្របលូទឹកភ្លៀង ដែលបានបាក់ខូចនៅចំណុចផ្លូវភ្លោះក្បែរសួនច្បារដំរីដែក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក តាត់ យ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានរាយការណ៍ជូនអង្គប្រជុំថា ដោយមានការ ចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងលោកស្នងការ នគរបាលខេត្ត ក្រុមការងារ និងកងកម្លាំងជំនាញ បានខិតខំចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋានតាម ខ្នងផ្ទះ ជាលទ្ធផល ក្នុងផែនការឆ្នាំ២០២៦ សរុបចំនួន ២២.៦៨៦នាក់ អនុវត្តបាន ១៨.១២៤នាក់ ស្មើនឹង ៨០% ក្នុងនោះប្រជាពលរដ្ឋអាយុ ១៥ឆ្នាំឡើង ត្រូវផ្តល់ថ្មី មានចំនួន ២.១៧១នាក់ អនុវត្តលើសផែនការចំនួន ២៩នាក់ ដោយ ឡែកប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព មានចំនួន ២០.៥១៥នាក់ អនុវត្តបានចំនួន ១៥.៩៥៣នាក់ នៅសល់ ៤.៥៦២នាក់។ កម្លាំងជំនាញ នឹងបន្តខិតខំផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យគ្រប់ តាមផែនការកំណត់ និងត្រៀមចុះអនុវត្តនៅមូលដ្ឋាន បើទោះបីចំនួននៅសេសសល់ភាគច្រើនពាក់ព័ន្ធប្រជាពលរដ្ឋ ចំណាកស្រុក ៕
ដោយ ៖ សិលា










