អ្នកនាំពាក្យ​ក្រសួង​ការងារ​៖​ រោងចក្រនៅកម្ពុជាកើនឡើង ៨៤៥រោងចក្រ បង្កើតការងារថ្មីជាង ៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ​ ក្នុងរយៈពេល​ ៦ខែដើមឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ រោងចក្រនៅកម្ពុជា​ គិតត្រឹម​រយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ បានកើនឡើងចំនួន ៨៤៥រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ និងភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។

បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា​ បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះថា៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ចំនួនរោងចក្របានកើនឡើងពី ៤៦ ៦៤៩ រោងចក្រ ដល់ ៤៧ ៤៩៤ រោងចក្រ ដែលជាកំណើនគួរឱ្យកត់សម្គាល់ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។

អ្នកនាំពាក្យរូបនេះ​ បានបន្តថា កំណើននេះភាគច្រើនកើតមាននៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលចំនួនរោងចក្របានកើនឡើងពី ២ ៧២៥ រោងចក្រ ដល់ ២ ៨៩០ រោងចក្រ។

ជាមួយគ្នានេះ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​និង​​វិជ្ជាជីវៈ​ បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា ព្រមទាំងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ ទោះបីសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។

លោក ស៊ុន មេសា​ បានបន្តថា​ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ដោយសារទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា។

បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ គឺជាភស្តុតាងបង្ហាញថា កម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែងរកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងលេខ ១២៩៧ ដើម្បីទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យ សុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ ជាជាងការចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចបង្កការខាតបង់ពេលវេលា និងថវិកា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print