ក្រុមហ៊ូទី​នៅយេម៉ែន អះអាងវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូ​ឌីត នៅសមុទ្រក្រហម

ចែករំលែក៖

អន្តរជាតិ​៖​ ក្រុមហ៊ូទី នៅប្រទេស​យេម៉ែន នៅថ្ងៃពុធ (ទី​៥ ខែសីហា ឆ្នាំ២០២៦) បាន​អះអាងថា ខ្លួនបានវាយប្រហារនាវាដឹកប្រេង Wafaa របស់អារ៉ាប៊ីសាអ៊ូឌីត ដោយមីស៊ីលបាលីស្ទិក​ជាច្រើនគ្រាប់ នៅសមុទ្រក្រហមភាគខាងជើង ម្ដុំ​ឆ្នេរសមុទ្រ Yanbu។

នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញ​សង្គម​ X អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Saree បានឱ្យ​ដឹង​ថា មីស៊ីលទាំងនោះ បានវាយប្រហារចំនាវាដឹកប្រេងនោះ​ «យ៉ាង​ជាក់លាក់​»។

លោក Saree បានប្រាប់​ទៀត​ថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃអ្វីដែលក្រុមនេះហៅថា ជា​ការបិទ​ផ្លូវសមុទ្រ ចំពោះ​អារ៉ាប៊ីសាអូឌីត និងយុទ្ធសាស្ត្រ «បិទខ្ទប់​ទល់​នឹង​ការ​បិទខ្ទប់​» របស់ខ្លួន។ លោកបានបញ្ជាក់​ថា ការវាយប្រហារនេះបានធ្វើឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូ​ឌីតដែលត្រូវបាន​កំណត់គោលដៅ មានចំនួន ៨គ្រឿង​ហើយ គិត​ចាប់តាំងពីការបិទផ្លូវនេះ​បានចាប់ផ្តើមឡើង​នៅថ្ងៃទី២២ ខែកក្កដា។

ជាមួយ​គ្នា​នេះ លោក Saree ក៏បានអះអាងផងដែរថា នាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ២៩គ្រឿង ត្រូវបានរារាំងមិនឱ្យឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ឬត្រូវបានបង្ខំឱ្យត្រឡប់ក្រោយវិញ។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតបានបង្វែរនាវាដឹកប្រេងរបស់ខ្លួនទៅកាន់សមុទ្រក្រហមភាគខាងជើង បន្ទាប់ពីក្រុមនេះទទួលបានជោគជ័យក្នុងការដាក់ចេញ​នូវ​អ្វីដែលខ្លួនពិពណ៌នាថា ជាការបិទផ្លូវពីច្រកសមុទ្រ Bab al-Mandab។

លោក Saree បានសន្យាថា ក្រុមនេះនឹងបន្ត និងបង្កើនការវាយប្រហារលើនាវា​ដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហមភាគខាងជើង ដើម្បីបិទផ្លូវចូលសមុទ្រ និងរារាំង​ការឆ្លងកាត់ «ដោយមិនគិតពីផលវិបាក» នោះ​ឡើយ​។ មិនមានការអត្ថាធិប្បាយភ្លាមៗ​ទេ​ ពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ជុំវិញ​ការអះអាងទាំងនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print