អន្តរជាតិ៖ ក្រុមហ៊ូទី នៅប្រទេសយេម៉ែន នៅថ្ងៃពុធ (ទី៥ ខែសីហា ឆ្នាំ២០២៦) បានអះអាងថា ខ្លួនបានវាយប្រហារនាវាដឹកប្រេង Wafaa របស់អារ៉ាប៊ីសាអ៊ូឌីត ដោយមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ នៅសមុទ្រក្រហមភាគខាងជើង ម្ដុំឆ្នេរសមុទ្រ Yanbu។
នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គម X អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Saree បានឱ្យដឹងថា មីស៊ីលទាំងនោះ បានវាយប្រហារចំនាវាដឹកប្រេងនោះ «យ៉ាងជាក់លាក់»។
លោក Saree បានប្រាប់ទៀតថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃអ្វីដែលក្រុមនេះហៅថា ជាការបិទផ្លូវសមុទ្រ ចំពោះអារ៉ាប៊ីសាអូឌីត និងយុទ្ធសាស្ត្រ «បិទខ្ទប់ទល់នឹងការបិទខ្ទប់» របស់ខ្លួន។ លោកបានបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតដែលត្រូវបានកំណត់គោលដៅ មានចំនួន ៨គ្រឿងហើយ គិតចាប់តាំងពីការបិទផ្លូវនេះបានចាប់ផ្តើមឡើងនៅថ្ងៃទី២២ ខែកក្កដា។
ជាមួយគ្នានេះ លោក Saree ក៏បានអះអាងផងដែរថា នាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ២៩គ្រឿង ត្រូវបានរារាំងមិនឱ្យឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ឬត្រូវបានបង្ខំឱ្យត្រឡប់ក្រោយវិញ។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតបានបង្វែរនាវាដឹកប្រេងរបស់ខ្លួនទៅកាន់សមុទ្រក្រហមភាគខាងជើង បន្ទាប់ពីក្រុមនេះទទួលបានជោគជ័យក្នុងការដាក់ចេញនូវអ្វីដែលខ្លួនពិពណ៌នាថា ជាការបិទផ្លូវពីច្រកសមុទ្រ Bab al-Mandab។
លោក Saree បានសន្យាថា ក្រុមនេះនឹងបន្ត និងបង្កើនការវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហមភាគខាងជើង ដើម្បីបិទផ្លូវចូលសមុទ្រ និងរារាំងការឆ្លងកាត់ «ដោយមិនគិតពីផលវិបាក» នោះឡើយ។ មិនមានការអត្ថាធិប្បាយភ្លាមៗទេ ពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ជុំវិញការអះអាងទាំងនេះ៕ដោយ៖តារា










