អាជ្ញាធររាជធានីភ្នំពេញ បានបន្តស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាព នៅខណ្ឌទួលគោក ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖  ក្រុមជំនាញអាជ្ញាធររាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក  ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ នៅភូមិសាស្ត្រខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករា រួចនិងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ នៅខណ្ឌឬស្សីកែវ ខណ្ឌដង្កោ ខណ្ឌសែនសុខ មកនេះ។

       ការងារស្ដាប្រព័ន្ធលូ ប្រឡាយ នេះ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ ២០២៦ ក្រុមការងារដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ  តំណាងឱ្យ អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកជាច្រើនខ្សែបន្តទៀត។

  នាឱកាសនោះ លោក ឯក ឃុនដឿន បានឱ្យដឹងថា៖ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោកនេះ រួមមាន៖ ស្តាប្រឡាយចំនួន ៣ខ្សែ ប្រវែងសរុប២.៧៦០ម៉ែត្រ ក្នុងនោះមានស្តារប្រឡាយបឹងសាឡាង ប្រវែង ៩២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី១ ប្រវែង១.១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ,ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី២ ប្រវែង៧៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១។ ស្តារលូ ផ្លូវលេខ ២៤៥ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ,ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ ប្រវែង១.០៤០ម៉ែត្រ។ស្តារលូ ផ្លូវលេខ៣៣៦ ចាប់ពីផ្លូវ២១៥ ដល់ផ្លូវ២៦១ ក្នុង សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ប្រវែង១.៧២០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ១៨២ ចាប់ពី ផ្លូវ២១៥ ដល់ផ្លូវ២៤៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រវែង ៣.៦០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៣ ចាប់ពីផ្លូវ១២៨ដល់ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២.០០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៧ ចាប់ពី ផ្លូវ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ទី២ និងទី៣ ប្រវែង ២.១០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៦១ ចាប់ពី ផ្លូវ១៨២ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ប្រវែង១.០៦០ម៉ែត្រ។

     លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា៖ ក្រុមការងារនេះនឹងប្រើប្រាស់រថយន្តចំនួន ១៣ គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ តាមការណែនាំពី  អភិបាល រាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូម ស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀម បញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៣ហើយ ដែលបានបញ្ចប់រួចរាល់ក្នុងនោះរួមមាន៖ ខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករា។

    លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យចំគោលដៅហើយ ប្រព័ន្ធលូតូច ដែលមិនទាន់បានជាមួយលូមេក្តុមការងារត្រូវភ្ជាប់ងាយស្រួលទឹកហូរ និងធានាបានថាមិនមានការ លិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត។ 

...

    លោកអភិបាលរងក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print