ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Mazda មួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្តនិងឡំប្រឺតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុម៉ាក Mazda ពណ៌កណ្តុរល្មេះមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា VISOT257 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តម៉ាក LAND CRUISER PRADO ពណ៌សមួយគ្រឿងដែលចតនៅលេីខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកឡំប្រីតាមួយគ្រឿងទៀតដែលម្ចាស់ឈប់ចតប្របចិញ្ចើមផ្លូវដូចគ្នាបណ្តាលឲ្យឡំប្រឺតាបោកខ្ទាតទៅប៉ះរថយន្ដចតនៅក្បែរគ្នារងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកតៃកុងត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែកធ្វើការសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្កហេតុនិងរថយន្តរងគ្រោះ ទាំងឡំប្រីតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










