ភ្នំពេញ ៖ស្ត្រីរម្នាក់ជាកម្មការនីរោងចក្រ បានស្លាប់យ៉ាងរន្ធត់ ក្រោយពេលចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញក៏ត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកមកបុកពីក្រោយរួចរួចកិនពីលើស្រ្តីរងគ្រោះជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចស្តុបទួលពង្រ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ កែងផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌សពាក់ ផ្លាក់ លេខ បាត់ដំបង 1AE-9653ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីលិចទៅកើតខណៈពេលជិះមកដល់ត្រង់ចំណុចកើតហេតុស្តុបទួលពង្រស្រាប់តែគេឃើញមានរថយន្ដកុងតឺន័រ ពាក់ផ្លាក់លេខ ភ្នំពេញ 3A-6391 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើតក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យដួលរួចកិនពីលើស្រ្តីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ ចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញធ្វេីលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










