សារព័ត៌មាន AFPស្ថានទូតរុស្ស៉ីប្រចាំប្រទេសកូឡុំប៊ី នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានទាត់ចោលសេចក្ដីរាយការណ៍មួយដែលថាទីក្រុងមូស្គូមានទំនាក់ទំនងជាមួយបណ្ដាញជ្រើសរើសទាហានស៊ីឈ្នួលកូឡុំប៊ី ដើម្បីជួយដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។
ការបញ្ចេញប្រតិកម្មរបស់រុស្ស៉ីកើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ី Noticias Caracol បានចេញផ្សាយការស៊ើបអង្កេតមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែលអះអាងថាទីក្រុងមូស្គូបានជ្រើសរើសពលរដ្ឋកូឡុំប៊ីឱ្យធ្វើជាទាហានស៊ីឈ្នួល។ ជាការឆ្លើយតប ស្ថានទូតរុស្ស៉ីប្រចាំកូឡុំប៊ីបានទាត់ចោលការស៊ើបអង្កេតនេះដោយនិយាយថាមូស្គូមិនមានទំនាក់ទំនងអ្វីជាមួយបណ្ដាញជ្រើសរើសទាហានស៊ីឈ្នួលដែលបានលើកឡើងក្នុងរបាយការណ៍ស៊ើបអង្កេតខាងលើនោះទេ។ ប៉ុន្តែសមាជិកក្រុមគ្រួសារពលរដ្ឋកូឡុំប៊ីដែលត្រូវបានគេជួលឱ្យធ្វើទាហានស៊ីឈ្នួលនៅក្រៅប្រទេស និងដែលភាគច្រើនជាអតីតយោធា បានរៀបរាប់ពីទុកលំបាកនៃមនុស្សជាទីស្រឡាញ់របស់ពួកគេទាំងនៅរុស្ស៉ី និងអ៊ុយក្រែន។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ រុស្ស៉ីបានផ្តន្ទាទោសពលរដ្ឋកូឡុំប៊ី ២នាក់ដាក់ពន្ធនាគារ ១៣ឆ្នាំ ពីបទចោទប្រកាន់ថាពួកគេបានចូលរួមប្រយុទ្ធដើម្បីកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ក៏ធ្លាប់បានអះអាងដែរថាមានពលរដ្ឋកូឡុំប៊ីប្រហែលជា ៧០០០នាក់ កំពុងចូលរួមប្រយុទ្ធឱ្យរុស្ស៉ី និងអ៊ុយក្រែន ដើម្បីដូរយកប្រាក់ខែ។ កាលពីខែមីនា ឆ្នាំ២០២៦ផងដែរ អង្គការសហប្រជាជាតិបានវាយតម្លៃថាមានពលរដ្ឋកូឡុំប៊ីយ៉ាងហោច ១០ ០០០នាក់ ត្រូវបានជ្រើសរើសឱ្យទៅក្រៅប្រទេសដើម្បីចូលរួមក្នុងជម្លោះប្រដាប់អាវុធនៅជុំវិញពិភពលោក៕

រូបថត: vnexpress









