សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបណ្តុះសមត្ថភាពពិតរបស់និស្សិត កុំឱ្យរៀនពឹងផ្អែកលើ AI ទាំងស្រុង !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំពង្រឹងស្តង់ដារបណ្តុះបណ្តាលឱ្យបានតឹងរ៉ឹង ដើម្បីទាញយកសមត្ថភាពពិតប្រាកដរបស់និស្សិត ដោយបានព្រមានថា ប្រសិនបើសិស្សរៀនពឹងផ្អែកតែលើបច្ចេកវិទ្យា AI នោះ នឹងមិនអាចបំពេញការងារបានឡើយ ហើយថែមទាំងបង្កើតជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ធនធានមនុស្សរបស់ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចធិបតីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាលារៀនមិនមែនគ្រាន់តែជាកន្លែងផ្តល់សញ្ញាបត្រ ឬពិន្ទុល្អនោះទេ ប៉ុន្តែត្រូវរៀបចំវិធីសាស្ត្របង្រៀនដែលជំរុញឱ្យនិស្សិតបញ្ចេញសក្តានុពល និងអភិវឌ្ឍជំនាញជាក់ស្តែង ហើយជាឧទាហរណ៍ថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច ដើម្បីបង្ហាញថា មនុស្សមានសមត្ថភាពធំធេងនៅពេលស្ថិតក្នុងបរិស្ថានដែលតម្រូវឱ្យខិតខំ និងដោះស្រាយបញ្ហា។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការគ្រប់គ្រងគុណភាពអប់រំក្នុងយុគសម័យឌីជីថល ដោយបានបញ្ជាក់យ៉ាងច្បាស់ថា បើគាត់ពឹងតែ AI ទាំងស្រុង ហើយយើងឱ្យជាប់ដែរ នៅពេលគាត់ទៅធ្វើការអត់បានទេ ហើយកុំភ្លេចថា បើសិស្សម្នាក់ៗអត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក។ សម្តេចធិបតី ផ្តល់អនុសាសន៍ដើម្បីដាស់តឿនដល់គ្រប់គ្រឹះស្ថានអប់រំ និងសិស្ស-និស្សិត ឱ្យផ្តោតលើគុណភាពនៃការសិក្សា និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចែករំលែកបទពិសោធន៍ថា កាលនៅរៀនយើងជាសិស្ស យើងអត់ដឹងទេ ប៉ុន្ដែនៅពេលរៀនចប់ យើងមកធ្វើមេគេ ហើយរៀបចំប្រព័ន្ធការងារ ការរៀបចំប្រព័ន្ធអប់រំឬមួយអង្គភាព គឺដូចគ្នា។ ឥឡូវខ្ញុំចាំថា យកបទពិសោធន៍សាលាយោធានៅអាមេរិកចុះ សាលានេះ គឺបណ្ដុះឥរិយាបទយោធាទៅជាមេទ័ព ប៉ុន្ដែខ្ញុំថា ទៅជាមេទ័ព ក្នុងកងទ័ព ឬមួយចេញមកធ្វើការងារស៊ីវិលគឺអត់ខុសគ្នាទេ។ ខ្ញុំតែងនិយាយថា មេរៀនខ្ញុំរៀននៅទីនោះ ៤ឆ្នាំខ្ញុំភ្លេចចោលអស់ហើយមេរៀនក្នុងសៀវភៅ ប៉ុន្ដែបើមានរៀនឥរិយាបទក្នុងជីវិតខ្ញុំអត់ភ្លេចទេ ហើយអត់មានច្រើនទេ ឧទាហរណ៍ ដែលជាបទបញ្ជារបស់សាលា ចូលទៅដល់ថ្ងៃដំបូង សិស្សត្រូវដកសិទ្ធិនិយាយទាំងអស់ គឺឱ្យនិយាយតែ៤ពាក្យប៉ុណ្ណោះ គឺ បាទ, ទេ, អត់មានលេសទេ, និងខ្ញុំអត់យល់ទេ សុំនិយាយម្ដងទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print