មន្ត្រីជំនាញដុតបំផ្លាញសាច់សត្វព្រៃ ៣ក្បាល ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសបរបាញ់ខណៈក្រុមព្រានព្រៃផ្តួលម៉ូតូរត់គេចខ្លួន

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ កម្លាំងមន្ត្រីជំនាញបានចុះបង្ក្រាបបទល្មើសបរបាញ់ និងដឹកជញ្ជូនសត្វព្រៃខុសច្បាប់ ដោយបានដកហូតសាកសពសត្វជ្រូកព្រៃចំនួន ១ ក្បាល និងសត្វឈ្លូសចំនួន ២ក្បាល ព្រមទាំងម៉ូតូ ០២គ្រឿង។ ឯក្រុមជនសង្ស័យជាព្រានព្រៃចំនួន ២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានផ្តួលម៉ូតូចោល រួចរត់ គេចខ្លួនចូលព្រៃបាត់ស្រមោល។

​ប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ខណៈដែលក្រុមជនសង្ស័យកំពុងជិះម៉ូតូ ២គ្រឿង (ម៉ាក Wave ឆ្លាម ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ១គ្រឿង និងម៉ាក Wave S ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង) ដឹកជញ្ជូនសាច់សត្វព្រៃខាងលើ។

​ក្រោយផ្អើលឆោឡោ កម្លាំងជំនាញដេញតាម ព្រានព្រៃទាំង ២នាក់ បានបោះបង់ម៉ូតូ និងសាកសពសត្វព្រៃ រួចរត់គេចខ្លួនចូលព្រៃជ្រៅ។ បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បាន មន្ត្រីជំនាញបានសម្រេចធ្វើការដុតបំផ្លាញសាក សពសត្វជ្រូកព្រៃ ១ក្បាល និងសត្វឈ្លូស ២ក្បាល ចោលនៅកន្លែងកើតហេតុផ្ទាល់តែម្តង ដើម្បីការពារការឆ្លងជំងឺ និងទប់ស្កាត់ការយកទៅអាស្រ័យផល។

​ដោយឡែក វត្ថុតាងម៉ូតូគ្មានស្លាកលេខទាំង ០២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះ អាសន្ននៅស្នាក់ការ ដើម្បីបន្តការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ និងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print