ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន០២នាក់ ដឹកនាំដោយលោកស្រី រុន រចនា តួនាទីប្រធានគណៈកម្មការកិច្ចការស្ត្រីនិងកុមារក្រុងប៉ោយប៉ែត បាននាំកុមារីរងគ្រោះចំនួន០១នាក់ ឈ្មោះ ស.ម ស.ខ.ណ អាយុ១៦ឆ្នាំ ជាអនីតិជន រងគ្រោះដោយសារបទល្មើសប្រទូស្ដកេរខ្មាស(ស្ថានទម្ងន់ទោស) បង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ជេស សង្អៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូបង្រៀននៅវិទ្យាល័យប៉ោយប៉ែតក្រុង ដែលប្រព្រឹត្តបទល្មើសកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសាលាវិទ្យាល័យប៉ោយប៉ែតក្រុង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត។
ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយលោកនាយកសាលាវិទ្យាល័យប៉ោយប៉ែតក្រុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជេស សង្អៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាគ្រូបង្រៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចំណាត់ការតាមនីតិវិធី។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា










