ខេត្តកំពង់ស្ពឺ÷ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារដែលជនសង្ស័យជាកូនបង្កើតបានធ្វើសកម្មភាពយកកំណាត់ឈើវាយទៅលើឪពុកបង្កើត កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះអន្តរាគមន៍ និងបង្ក្រាបជាក់ស្តែងភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ូ សៅឡេ ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន កំណាត់ឈើ ចំនួន០៣កំណាត់ ។
ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង ១១:៣៤នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំប្រើអំពើហិង្សាដោះស្រាយបញ្ហាក្នុងគ្រួសារ ។
ក្នុងករណីមានវិវាទ ឬអំពើហិង្សាកើតឡើង សូមរាយការណ៍ជាបន្ទាន់មកលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ដើម្បីឱ្យកម្លាំងកងរាជអាវុធហត្ថចុះអន្តរាគមន៍បានទាន់ពេលវេលា សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ៖ សុរិយា










