ភ្នំពេញ៖ ភាគីពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ស្លាប់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឈានដល់ការធ្វើកិច្ចព្រមព្រៀងសម្របសម្រួលគ្នា ដោយភាគីតំណាងឱ្យអ្នកបើកបររថយន្ត យល់ព្រមផ្តល់សំណងរដ្ឋប្បវេណីចំនួន ៦០,០០០ដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះ។
យោងតាមកិច្ចព្រមព្រៀងសម្របសម្រួលគ្នា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ភាគីតំណាងឱ្យអ្នកបើកបររថយន្ត បានយល់ព្រមប្រគល់សំណងរដ្ឋប្បវេណីចំនួន ៦ម៉ឺនដុល្លារអាមេរិក ជូនដល់ភាគីគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់វិវាទ។ ជាមួយគ្នានេះ ភាគីដើមបណ្តឹងរដ្ឋប្បវេណី ក៏បានយល់ព្រមដកពាក្យបណ្តឹងរដ្ឋប្បវេណី និងឯកភាពមិនមានការទាមទារផ្សេងទៀត ក្រោយភាគីទាំងពីរបានបំពេញកាតព្វកិច្ចតាមការព្រមព្រៀង។
ឯកសារបញ្ជាក់ទៀតថា ប្រាក់សំណងចំនួន ៦០,០០០ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនគ្រួសារជនរងគ្រោះរួចរាល់ តាមរយៈការផ្ទេរប្រាក់ចូលគណនីធនាគារ ដោយមានលិខិតប្រគល់-ទទួលប្រាក់ និងការបញ្ជាក់ពីមេធាវីជាសាក្សី។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីឈ្មោះ សាម ម៉ីជូ ដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី និងចាត់ការតាមផ្លូវច្បាប់។
ទោះបីភាគីទាំងពីរបានឈានដល់ការសម្របសម្រួលគ្នាជារឿងសំណងរដ្ឋប្បវេណីក៏ដោយ ការចាត់ការលើបណ្តឹងព្រហ្មទណ្ឌ ស្ថិតនៅក្នុងសមត្ថកិច្ច និងឆន្ទានុសិទ្ធិរបស់តុលាការ អាស្រ័យតាមច្បាប់ជាធរមាន៕
ដោយ៖ ជ្រោយពេជ្រ










