ខេត្ត Okinawa របស់ជប៉ុន រងការវាយប្រហារ ដោយព្យុះ Dolphin ខណៈចិនបិទកំពង់ផែ ត្រៀមខ្លួនទប់ទល់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាព្យុះទីហ្វុង Dolphin បានវាយប្រហារលើខេត្ត Okinawa ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្ស ៥នាក់រងរបួស ហើយធ្វើឱ្យអគារ និងលំនៅដ្ឋានជាង ១៤០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ខណៈចិនឯណោះវិញបានបិទកំពង់ផែ និងការធ្វើដំណើរតាមផ្លូវសមុទ្រ នៅមុនព្យុះនេះបក់បោកលើឆ្នេរភាគខាងកើតរបស់ខ្លួន។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះ Dolphin ស្ថិតនៅចម្ងាយ ១៦០គីឡូម៉ែត្រពីភាពពាយព្យកោះ Kume នៃខេត្ត Okinawa និងកំពុងបក់បោកឆ្ពោះទៅទិសពាយព្យក្នុងល្បឿន ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីនៅក្នុងខេត្ត Okinawa ក៏បានឱ្យដឹងដែរថាមនុស្សចំណាស់ ៥នាក់បានរងរបួស តែមិនគំរាមកំហែងដល់អាយុជីវិតទេ ហើយដើមឈើជាច្រើនដើមបានបាក់រលំដោយសារកម្លាំងខ្យល់បក់។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ព្រមទាំងក្រុមហ៊ុន Japan ⁠Airlines បានលុបចោលជើងហោះហើរឆ្ពោះទៅកាន់តំបន់ដែលកំពុងរងការវាយប្រហារពីព្យុះ។
ព្យុះ Dolphin ត្រូវបានព្យាករថាមានល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចឡើងដល់ ១២៦គីឡូម៉ែតក្នុងមួយម៉ោង។ ខេត្ត Okinawa និងកោះ Amami នៃខេត្ត Kagoshima អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេពីព្យុះនេះ។
ដោយឡែក មជ្ឈមណ្ឌលឧតុនិយមចិនឯណោះវិញ បាននិយាយថាព្យុះ Dolphin ត្រូវបានរំពឹងថានឹងបក់បោកទៅដល់បណ្ដោយឆ្នេរភាគខាងកើត និងភាគខាងត្បូងរបស់ចិន នៅយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ឬនៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ជាពិសេសនឹងបក់បោកលើទីក្រុង Zhoushan ក្នុងខេត្ត Zhejiang និងទីក្រុង Fuding ក្នុងខេត្ត Fujian។ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងត្រូវបានរំពឹងថានឹងបង្ក ផលប៉ះពាល់ដល់ភាគកើតប្រទេសចិនរហូតដល់ថ្ងៃទី១២ ខែសីហា ក្នុងនោះរួមមានទាំងផ្នែកខ្លះនៃទីក្រុងសៀងហៃ និងខេត្តក្បែរខាងមួយចំនួន។ បើតាមអាជ្ញាធរឧតុនិយមចិន តំបន់មួយចំនួននៃខេត្ត Zhejiang ⁠អាចនឹងទទួលទឹកភ្លៀង ៦០០មីលីម៉ែត្រ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print