អ្នកគាំទ្រឥណ្ឌូនេស៊ីទាមទារឱ្យបណ្តេញគ្រូបង្វឹក John Herdman បន្ទាប់ពីធ្លាក់ពី ASEAN Cup

ចែករំលែក៖

អ្នកគាំទ្រឥណ្ឌូនេស៊ីបានទាមទារឱ្យបណ្តេញលោក John Herdman ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួតស្មើ 1-1 ជាមួយសិង្ហបុរី បានធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់ចេញពីវគ្គចែកពូលនៃ ASEAN Cup 2026 យ៉ាងគួរឱ្យភ្ញាក់ផ្អើល។

លទ្ធផលដ៏ខកចិត្តនេះនៅកីឡដ្ឋាន Jalan Besar Stadium កាលពីយប់ថ្ងៃសុក្រ បានធ្វើឱ្យឥណ្ឌូនេស៊ីបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយមាន 7 ពិន្ទុពី 4 ប្រកួត។

វៀតណាមឈរនៅកំពូលពូលដោយមាន 10 ពិន្ទុ ខណៈសិង្ហបុរីឈរលេខ២ មាន 8 ពិន្ទុ ហើយក្រុមទាំងពីរទទួលបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការធ្លាក់ចេញតាំងពីវគ្គចែកពូលនេះ គឺជាបរាជ័យដ៏ធំមួយសម្រាប់ឥណ្ឌូនេស៊ី។ ពួកគេចាប់ផ្តើមការប្រកួតដោយឈ្នះពីរប្រកួតជាប់គ្នា ហើយនៅដើមដំបូងមានឱកាសល្អក្នុងការឡើងទៅវគ្គបន្ទាប់។

ភ្លាមៗបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃសុក្រ រលកនៃការរិះគន់យ៉ាងខ្លាំងបានផ្ទុះឡើងលើបណ្តាញសង្គម X ចំពោះលោក John Herdman។

ពាក្យដេញគ្រូបង្វឹកចេញបានលេចឡើងនៅក្នុងការបង្ហោះជាច្រើន។ អ្នកគាំទ្រជាច្រើនបានអះអាងថា គ្រូបង្វឹកជនជាតិកាណាដារូបនេះគួរតែទទួលខុសត្រូវទាំងស្រុងចំពោះការធ្លាក់ចេញរបស់ឥណ្ឌូនេស៊ី។

អ្នកប្រើប្រាស់ម្នាក់បានសរសេរថា៖“John out” អមជាមួយ hashtag ដែលកំពុងពេញនិយម។

អ្នកគាំទ្រជាច្រើនផ្សេងទៀត ក៏បានបង្ហោះ hashtag ដដែល ដើម្បីបង្ហាញពីការខកចិត្ត និងបំណងចង់ឱ្យមានការផ្លាស់ប្តូរគ្រូបង្វឹក។

អ្នកគាំទ្រម្នាក់ទៀតបានទាមទារឱ្យមានការកែទម្រង់ដ៏ធំទូលាយនៅក្នុងការដឹកនាំបាល់ទាត់ឥណ្ឌូនេស៊ី ដោយសរសេរថា៖“#JohnHerdmanOut #ErickThohirOut”។

លោក Erick Thohir បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា និងជាប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ផងដែរ។

ការបង្ហោះមួយទៀតបានទទួលការចាប់អារម្មណ៍ ដោយរិះគន់លោក Herdman ថា ខ្វះជម្រើសផ្នែកយុទ្ធសាស្ត្រនៅពេលក្រុមជាប់គាំង៖

“តើនេះជាអ្វីដែលអ្នកមានត្រឹមនេះមែនទេ John? គ្មាន Plan B យុទ្ធសាស្ត្រខ្សោយ ការវាយប្រហារមិនស៊ីសង្វាក់គ្នា និងការការពារមានភាពច្របូកច្របល់។”

អ្នកគាំទ្រម្នាក់ទៀតបានរិះគន់ការប្តូរកីឡាកររបស់ Herdman ដោយសរសេរថា៖“#JohnHerdmanOut, ការជ្រើសរើសកីឡាករដ៏អាក្រក់”។

ម្នាក់ទៀតបាននិយាយថា៖“ឥណ្ឌូនេស៊ីកំពុងរៀបចំវ៉ាលីត្រឡប់ផ្ទះហើយ។ វាចប់ហើយ។ John Herdman ឬ Erick Thohir ម្នាក់ក្នុងចំណោមពួកគេត្រូវតែចុះចេញពីតំណែង”។

អ្នកគាំទ្រជាច្រើនក៏បានប្រៀបធៀប Herdman ជាមួយគ្រូបង្វឹកមុនរបស់ពួកគេ គឺ Shin Tae-yong។

យោងតាមសារព័ត៌មានឥណ្ឌូនេស៊ី អ្នកគាំទ្របានលើកឡើងថា ប្រសិនបើ Shin Tae-yong ត្រូវបានរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបរាជ័យក្នុងការប្រកួតយុវជន នោះ Herdman ក៏គួរតែត្រូវបានវាយតម្លៃតាមស្តង់ដារដូចគ្នា បន្ទាប់ពីបរាជ័យនៅ ASEAN Cup។

Shin ត្រូវបានបណ្តេញចេញ បន្ទាប់ពីឥណ្ឌូនេស៊ីធ្លាក់ចេញពីវគ្គចែកពូលនៃ ASEAN Cup 2024 ខណៈក្រុមរបស់គាត់ភាគច្រើនមានកីឡាករអាយុក្រោម 23 ឆ្នាំ។ ដូច្នេះ អ្នកគាំទ្រឥណ្ឌូនេស៊ីជាច្រើនចង់ឱ្យ Herdman ប្រឈមមុខនឹងជោគវាសនាដូចគ្នា។

មុនពេលការប្រកួតចាប់ផ្តើម លោក Herdman ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងដឹកនាំឥណ្ឌូនេស៊ីឱ្យប្រជែងយកជើងឯក។ គាត់មានក្រុមដែលត្រូវបានពង្រឹងយ៉ាងខ្លាំងដោយកីឡាករដែលទទួលបានសញ្ជាតិឥណ្ឌូនេស៊ីថ្មីៗ ដែលធ្វើឱ្យក្រុមនេះត្រូវបានចាត់ទុកថាជាក្រុមខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។

ឥណ្ឌូនេស៊ីបានចាប់ផ្តើមយ៉ាងល្អ ដោយយកឈ្នះ កម្ពុជា 5-1 និងឈ្នះ ទីម័រខាងកើត 3-0 ដែលធ្វើឱ្យពួកគេទទួលបាន 6 ពិន្ទុពេញពីពីរប្រកួតដំបូង។

ប៉ុន្តែការបរាជ័យយ៉ាងធ្ងន់ធ្ងរ 0-3 ទល់នឹងវៀតណាម ក្នុងជុំទីបី បានធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់ទៅចំណាត់ថ្នាក់លេខ៣។

មុនការប្រកួតសម្រេចជាមួយសិង្ហបុរី ឥណ្ឌូនេស៊ីត្រូវការជ័យជម្នះ ដើម្បីធានាកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ឥណ្ឌូនេស៊ីបានគ្រប់គ្រងបាល់ភាគច្រើនក្នុងការប្រកួត ហើយបានបើកការនាំមុខនៅដើមតង់ទីពីរ តាមរយៈ Ragnar Oratmangoen។

ចំណុចបែរប្រែដ៏សំខាន់មួយបានកើតឡើង នៅពេលកីឡាករសិង្ហបុរី Song Ui-young ត្រូវបានពិន័យកាតក្រហម ប៉ុន្តែកាតក្រហមនោះត្រូវបានលុបចោល បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យ VAR។

បន្ទាប់មក Ilhan Fandi បានឆ្លៀតយកកំហុសរបស់ខ្សែការពារឥណ្ឌូនេស៊ី ដើម្បីរកគ្រាប់តាមស្មើឱ្យសិង្ហបុរីនៅនាទីទី 66។

ឥណ្ឌូនេស៊ីបានបន្តសម្រុកស្វែងរកគ្រាប់ជ័យជម្នះរហូតដល់ចប់ការប្រកួត ប៉ុន្តែមិនអាចរកគ្រាប់ទីពីរបានឡើយ។

នេះជាលើកដំបូងដែលលោក John Herdman ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីអ្នកគាំទ្រ ចាប់តាំងពីលោកចូលកាន់តំណែងជាគ្រូបង្វឹកឥណ្ឌូនេស៊ីនៅដើមឆ្នាំ 2026។

...

មុននេះ សារព័ត៌មាន និងអ្នកគាំទ្រធ្លាប់រិះគន់លោករួចមកហើយ ជាពិសេសចំពោះការប្តូរកីឡាករច្រើនពេក បន្ទាប់ពីការបរាជ័យទល់នឹងវៀតណាម។ ប៉ុន្តែការរិះគន់បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីឥណ្ឌូនេស៊ីមិនអាចឆ្លងផុតវគ្គចែកពូលបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print