ភ្នំពេញ៖ លោក ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ផែននគរបាលចរាចរណ៍បានពឹងពាក់មេធាវីប្រចាំផែន ដើម្បីប្តឹងជនបង្កឈ្មោះ ទ្រី សក្ដិដា ករណីបើកបរក្រោមឥទ្ធិពលនៃសារធាតុញៀន បណ្តាលឱ្យកុមារីម្នាក់ស្លាប់បាត់បង់ជីវិត និងស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កការចាប់អារម្មណ៍ និងការសោកស្តាយយ៉ាងខ្លាំងក្នុងចំណោមមហាជន ជាពិសេសដោយសារមានអ្នកស្លាប់ និងអ្នករងរបួសធ្ងន់។
យោងតាមការបញ្ជាក់លើបណ្តាញសង្គម លោក ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
> «ពេលនេះផែននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ប្តឹងលោកទ្រីសក្កដាដែលបានបើកបរដោយមានសារធាតុញៀនធ្វើអោយម្តាយរបួសធ្ងន់ធ្ងរខ្លាំងនឹងកូនស្រីស្លាប់ដែលគួរអោយអាណិតបំផុតនោះជាផ្លូវការដោយមិនអោយរួចខ្លួនបានឡើយ»។
សកម្មភាពនេះបានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់របស់កងកម្លាំងសមត្ថកិច្ច នៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយធានាថាជនល្មើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
សូមជម្រាបជូន ការសម្លាប់មនុស្សក្នុងស្ថានភាពសេពគ្រឿងញៀន នៅក្នុងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានចាត់ទុកជាមូលហេតុសម្រាលទោស ឬដោះលែងឱ្យរួចខ្លួននោះទេ ផ្ទុយទៅវិញ វាអាចក្លាយជា ស្ថានទម្ងន់ទោស និងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ។
យោងតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជនបង្កហេតុនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌដូចខាងក្រោម៖
១. ការចោទប្រកាន់ពីបទមនុស្សឃាតតុលាការនឹងពិនិត្យទៅលើអង្គហេតុ និងចេតនាជាក់ស្តែង ដើម្បីចោទប្រកាន់៖បទមនុស្សឃាតគិតទុកជាមុន (ឃាតកម្មគិតទុកជាមុន): ប្រសិនបើជននោះមានគម្រោងសម្លាប់ជនរងគ្រោះទុកជាមុន ហើយប្រើប្រាស់គ្រឿងញៀនដើម្បីបង្កើនភាពក្លាហានក្នុងការប្រព្រឹត្តល្មើស ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត (តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ)។
បទមនុស្សឃាតដោយអចេតនា៖ ប្រសិនបើការសម្លាប់កើតឡើងដោយសារការបាត់បង់ស្មារតី គ្រប់គ្រងខ្លួនឯងមិនបាន ឬការវង្វេងវង្វាន់ដោយសារឥទ្ធិពលគ្រឿងញៀន (គ្មានចេតនាសម្លាប់តាំងពីដំបូង) ជននោះនៅតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ពីបទមនុស្សឃាតដោយអចេតនា ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ (តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ)។
២. ការបន្ថែមទោសពីបទល្មើសគ្រឿងញៀនក្រៅពីបទល្មើសសម្លាប់មនុស្ស ជនល្មើសនឹងត្រូវចោទប្រកាន់បន្ថែមទាក់ទងនឹងច្បាប់គ្រឿងញៀន «ការប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន» ត្រូវផ្តន្ទាទោសបន្ថែមតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ស្ថានទម្ងន់ទោស៖ ការសេពគ្រឿងញៀនរហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯង ហើយបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ ត្រូវបានតុលាការចាត់ទុកជាអំពើអនាចារ និងគ្មានការទទួលខុសត្រូវ ដែលជាហេតុធ្វើឱ្យចៅក្រមសម្រេចផ្តន្ទាទោសក្នុងកម្រិតអតិបរមា (ទោសធ្ងន់បំផុត) នៃបទល្មើសនោះ។
៣. ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី (ការសងជំងឺចិត្ត)ក្រៅពីទោសទណ្ឌខាងផ្លូវធម៌ និងការជាប់ពន្ធនាគារ ជនល្មើស ឬក្រុមគ្រួសារ (ករណីជនល្មើសជាអនីតិជន) ត្រូវមានកាតព្វកិច្ច៖សងថ្លៃការខូចខាត និងថ្លៃបុណ្យសពដល់គ្រួសារជនរងគ្រោះ។សងជំងឺចិត្តចំពោះការបាត់បង់សមាជិកគ្រួសារ និងការខកខានរកចំណូលរបស់ជនរងគ្រោះ។
សរុបមក ជនដែលសេពគ្រឿងញៀនរហូតដល់សម្លាប់មនុស្ស មិនអាចដោះសារថាខ្លួន “វង្វេងស្មារតីដោយសារថ្នាំ” ដើម្បីគេចពន្ធនាគារបានឡើយ ព្រោះការសេពគ្រឿងញៀនគឺជាទង្វើខុសច្បាប់តាំងពីដំបូង៕ដោយ ៖តារា










