ព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ពីបទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែសីហានេះ ព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ពីបទល្មើស ។

នេះបើយោងតា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចចោទប្រកាន់អ្នកបើកបររថយន្តឈ្មោះ ទ្រី សក្កដា ដែលបានបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃ នៅចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចភ្លើងស្តុបវិទ្យាល័យឥន្ទ្រទេវី លើផ្លូវលេខ៥៩៨ ប្រសព្វផ្លូវលេខ១១២៦ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក BYD SEALION 5 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-4874 បើកបរដោយឈ្មោះ ទ្រី សក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ដោយពេលនោះ រថយន្តខាងលើនេះ បានឈប់រង់ចាំភ្លើងស្តុបនៅលើផ្លូវលេខ ៥៩៨ បន្ទាប់មកក៏បើករថយន្តថយក្រោយ ទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA SCION XA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BL-7828 រួចបន្តបើកថយក្រោយ និងបានរេចង្កូតទៅ បុកម៉ូតូមួយគ្រឿងទៀតម៉ាក HONDA ZOOMER-X ពណ៌ក្រហម-ស ផ្លាកលេខ ភ្នំពេញ 1GI-7917 បណ្តាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ ពៅ ចាន់ណា ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ លី រ៉ូណាស្សាទី ភេទស្រី អាយុ១៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានធ្វើតេស្តពិនិត្យជាតិអាល់កុល និងធ្វើតេស្តរក សារធាតុញៀន ជាលទ្ធផលបង្ហាញថា ជនសង្ស័យឈ្មោះ ទ្រី សក្កដា ពុំមានជាតិអាល់កុលនៅក្នុងខ្លួននោះទេ ប៉ុន្តែ ជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀនប្រភេទ អ៊ុចស្តាស៊ី។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់ដល់ អ្នកដទៃ បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥, មាត្រា ៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣១៨២ អ.យ.ឃ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ និងបានបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print