ភ្នំពេញ ៖ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ បានចាត់ឱ្យលោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ព្រមទាំងថវិកាមួយចំនួន ជូនដល់នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្នុងឱកាសនោះ លោកស្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់នាយតាក់ស៊ី ឆាប់បានជាសះស្បើយឡើងវិញ។
នាយ តាក់ស៊ី បានគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។
អំណោយដែលបានផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួនមួយចំនួន៕
ដោយ ៖ សិលា










