លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមកោតសរសើរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងសម្រេចនូវសមិទ្ធផលជាច្រើន និងសូមនឹករឭក និងដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយលោកគ្រូ អ្នកគ្រូ អ៊ុំពូមីង និងក្មួយៗ សិស្សានុសិស្ស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ខេត្តតាកែវ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ៖ ខ្ញុំសូមកោតសរសើរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងសម្រេចនូវសមិទ្ធផលជាច្រើន និងសូមនឹករឭក និងដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជនមួយរូបដែលមានគុណបំណាច់ចំពោះជាតិ និងប្រជាជន។ ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ដែលបានបណ្តុះបណ្តាលសមត្ថភាព និងអប់រំសីលធម៌ដល់សិស្សានុសិស្ស រួមចំណែកកសាងមូលធនមនុស្សដ៏មានតម្លៃ សម្រាប់ប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកា ស.ស.យ.ក. និងភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០–១១ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមជូនពរក្មួយៗបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរក្នុងការប្រឡង។ សូមថែរក្សាសុខភាពឱ្យបានល្អ ស្មារតីរឹងមាំ មានទំនុកចិត្តលើខ្លួនឯង និងខិតខំឱ្យអស់ពីសមត្ថភាព។ ជាពិសេស សូមបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print