លោករដ្ឋមន្ត្រីលឹម គានហោ ចុះពិនិត្យលើវិស័យទឹកលើតាមប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ការដាក់ផែនការ និងបញ្ជាឲ្យក្រុមបច្ចេកទេសក្រសួង មន្ទីរ ឧតុនិយម រាជធានី ខេត្ត តាមដានលើវិស័យទឹករួចមក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង មើលពីការងារបែងចែកទឹក តើ ទទួលលទ្ធផលសម្រេចដល់ណាខ្លះ?

លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដំណើរបេសកកម្មរបស់លោករដ្ឋមន្ត្រី ទី១ គឺពិនិត្យលើប្រព័ន្ធធារាសាស្ត្រធំៗ ដែលយើងធ្វើសម្រេចបាន១០០ភាគរយ និងប្រព័ន្ធធារាសាស្ត្រខ្លះទៀត ទើបនឹងបាន៥០ភាគរយ បញ្ចប់ដំណាក់កាលទី១ ប៉ុន្តែដើម្បី តម្រូវការចាំបាច់ ទៅលើការនាំប្រភពទឹកដល់ប្រជាកសិករបង្កបង្កើនផង យើងក៏ត្រូវបំពេញបន្ថែមសម្រាប់ការងារ នាំទឹក ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺពិនិត្យឃើញថា ទឹកមានចំនួនគ្រប់គ្រាន់ ប៉ុន្តែយើងនៅតែបន្តពិនិត្យរាល់កិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត ។

លោកចាន់ យុត្ថា បន្តថា ករណីទី២ លោករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ពិនិត្យទៅលើប្រព័ន្ធធារាសាស្ត្រស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ និងបន្តមកជួយខាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះក្រុមការងារត្រូវបែងចែកនាំទឹកបញ្ចូលទៅកាន់ស្រែប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ស្រុកចុងកាល ខេត្តឧត្តរមានជ័យ និងប្រើប្រាស់បន្ថែមទៀតនូវប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដូចជា ប្រើប្រាស់ស្ទឹងព្រែកត្នោត ទំនប់៧មករា កំពង់ទួល បង្វែរទឹកទៅតាមស្ទឺងតូចបញ្ចូលទៅកាន់ទន្លេបាទី ដើម្បីបែងចែកទឹក នៅក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

លោកចាន់ យុត្ថា បន្តថា ចំណុចទី៣ លោករដ្ឋមន្ត្រីបានផ្តោតសំខាន់ទៅលើប្រព័ន្ធស្រោចស្របវាយកូ ដែលជាប្រព័ន្ធធារាសាស្ត្រដ៏ធំបំផុតនៅកម្ពុជា មិនតែប៉ុណ្ណោះ គម្រោងសាងសង់វាយកូនេះ ត្រូវសាងសង់ជាពីរដំណាក់កាល ដំណាក់កាលទី១ ទើបនឹងបានបញ្ចប់កាលពីរដូវប្រាំងឆ្នាំនេះ ទី២ បន្តអនុវត្តនូវរដូវប្រាំងឆ្នាំក្រោយ បើទោះបីការសាងសង់មុននេះ សម្រេចបានពាក់កណ្តាលក៏ដោយ តែប្រព័ន្ធធារាសាស្ត្រនេះវាក៏បានភ្ជាប់ពីខេត្តកំពង់ចាម ព្រៃវែង មកខេត្តស្វាយរៀង ។

លោកចាន់ យុត្ថា បានលើកឡើងថា នៅពេលដែលទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមមានកម្ពស់ឡើងដល់១០,៥០ម៉ែត្រ គឺយើងអាចយកទឹកទន្លេមេគង្គបានចូលក្នុងព្រែកប្រឡាយមេធំៗដែលមានចម្ងាយជាង១០០ម៉ែត្រដើម្បីបើកទ្វារទឹកទទួលយករបបទឹកទាំងអស់ រុញតាមប្រឡាយ និងបន្តរុញតាមប្រឡាយរងផ្សេងៗដូចជាមាននៅស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ សុ្រកកំចាយមារ ស្រុកមេសាង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា លោករដ្ឋមន្ត្រីបានដាក់ផែនការឲ្យក្រុមបច្ចេកទេស មន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរក្សាទឹក ដូចជា ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប សុទ្ធតែមានព្រែកស្រាប់ ត្រូវត្រៀម ឲ្យទឹកហូរចូលទៅតាមព្រែក រួចហើយ ពេលដែលទឹកត្រូវស្រក ឬទឹកភ្លៀងត្រូវបានផ្អាក់ធ្លាក់ ក៏យើងមិនត្រូវឲ្យទឹកទាំងនោះហូរត្រឡប់ពីព្រែកមកចូលតាមទន្លេដាច់ខាត គឺធ្វើយ៉ាងណា ត្រូវប្រើមធ្យោបាយផ្សេងៗ ដូចជារៀបចំការ៉ុងច្រកដី ដើម្បីទប់រក្សាទឹកយកទៅបំពេញតម្រូវការរបស់ប្រជាកសិករឲ្យបានសម្រេចជោគជ័យជូនប្រជាពលរដ្ឋ ៕


  
  
  

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print