ភ្នំពេញ៖ មានអ្នកដំណើររហូតដល់ទៅ ៥២នាក់ បានស្លាប់ និង៧៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃចុងក្រោយនេះ ក្នុងគ្រោះថ្នាក់កើតឡើង ៦៩ករណី រាប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតចេញពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។
ភូមិសាស្ត្រមានករណីគ្រោះថ្នាក់ច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី កោះកុង និងខេត្តកំពត។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទគឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រុមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ៕










