កម្មការិនី​ជិត ​១០​នាក់​ដួល​សន្លប់​ រីឯអាជ្ញាធរ ​និង​តំណាង​រោងចក្រសង្ស័យព្រលឹង​អ្នកតា​ចូលសណ្ឋិត​

ចែករំលែក៖

ភ្នំពេញ​ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ស៊ី​ន កៃ សេន ហ្គា​ម៉ិ​ន ប្រមាណ​ជិត១០​នាក់​បាន​មាន​អាកា​រៈ​ល្ហិតល្ហៃ​ងងឹ​ត​មុខ តឹងទ្រូង ទន់​ដៃជើង រួច​ក៏​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ នៅ​ពេល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ និង​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​នោះ​ឡើយ ។ រីឯអាជ្ញាធរ​និង​តំណាង​រោងចក្របាន​ដាក់​ការ​សង្ស័យ​ថា កម្មការិនី​ទាំងនោះ​ត្រូវ​បាន​ព្រលឹង​អ្នកតា​ថែរក្សា​រោងចក្រ​នោះ​ចូល​សណ្ឋិត រួច​ក៏​បាន​ទិញ​ផ្លែ​ឈើនិង​ម្លូ​ស្លា ទៀន​ធូបយក​ទៅ​ដាក់​សែន ហើយ​និមន្ត​ព្រះសង្ឃ​ព្រមទាំង​អញ្ជើញ​លោកតា​អាចារ្យ​ឲ្យ​ទៅ​ធ្វើ​កិច្ច​ប្រោះព្រំ ដើម្បី​សុំ​សេចក្ដីសុខ​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​១០​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី ​១០ ខែសីហា ឆ្នាំ២០២៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ស៊ី​ន កៃ សេន ហ្គា​ម៉ិ​ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដី​ឡូ​ត៍ច័ន្ទ សុវណ្ណ ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

កម្មករកម្មការិ​នី​រោងចក្រ​ខាងលើ​បាន​និយាយ​ថា នៅ​ក្នុង​រោងចក្រ​មួយ​នេះ​មាន​កម្មករ​បម្រើ​ការងារ​សរុប​ត្រឹមតែ៨៩​នាក់​ប៉ុណ្ណោះហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ដែល​កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​មានកម្ម​ការិនី​ចំនួន​ជិត​១០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​អ្នក​ទាំងនោះ​មាន​អាកា​រៈ​តឹង​ណែន​ទ្រូង ងងឹតមុខ ល្ហិតល្ហៃ ទន់​ដៃទន់ជើង ។ 

បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្មករ កម្មការិនី​ដែល​មិន​ទាន់​សន្លប់ បាន​ទុក​ការងារឲ្យ​នៅ​ម្ដុំ រួច​នាំ​គ្នា​រត់​ចេញ​ក្រៅ​អគារ​រោងចក្រ​ទាំង​ការ​ភិតភ័យ ហើយ​ក្រោយមក​មិន​មាន​អ្នក​សន្លប់​បន្ត​ទៀត​នោះ​ទេ ។

ទាក់ទង​ទៅ​និង​ហេតុការណ៍​កម្មការិនី​ដួល​សន្លប់​ខាងលើ​នោះ នៅ​ពុំ​ទាន់​ដឹង​ថាបណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ។ ដោយឡែក​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ ក៏​បាន​ចេញ​ទៅ​អន្តរាគមន៍ និង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នោះ​ហើយ​ដែរ ។ ប៉ុន្តែ​ជាបឋម​អាជ្ញាធរ​ និង​តំណាង​រោងចក្រ​បាន​ដាក់​ការ​សង្ស័យ​ថា អ្នកតា​ដែល​ថែ​ក​រក្សា​រោងចក្រ​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន​កម្មការិនី​ទាំងនោះ រួច​បាន​ទិញ​ផ្លែ​ឈើ​ និង​ម្លូ​ស្លា ទៀន​ធូប ទៅ​ដាក់​សែន ហើយ​និមន្ត​ព្រះសង្ឃ ព្រមទាំង​អញ្ជើញ​លោកតា​អារ្យ​ឲ្យ​ទៅ​ធ្វើ​កិច្ច​ពិធី​ប្រោះព្រំ ដើម្បី​សុំ​សេចក្ដីសុខ​ទាំង​ពេល​នេះ​និង​ទៅ​ថ្ងៃ​ខាង​មុខ ។

បើ​តាម​ព័​ត៌​មានចុង​ក្រោយ កម្មការិនី​ដែល​បាន​ដួល​សន្លប់​ទាំងនោះ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​រួច​មក មាន​មួយ​ចំនួន​បាន​ធូរស្រាល​ស្រួលខ្លួន​ឡើង​វិញ និង​បាន​សុំ​ត្រលប់​មក​រោងចក្រ​វិញ ។ រីឯ​មួយ​ចំនួន​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ ហើយ​បើ​គិត​មក​ដល់​វេលា​ម៉ោង​ជិត​១​រសៀលថ្ងៃ​ដដែលកម្មករ​នៅ​ពុំ​ទាន់​ចូល​ធ្វើការ​វិញ​នោះ​ទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print