ភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន កៃ សេន ហ្គាម៉ិន ប្រមាណជិត១០នាក់បានមានអាការៈល្ហិតល្ហៃងងឹតមុខ តឹងទ្រូង ទន់ដៃជើង រួចក៏បានដួលសន្លប់ជាបន្តបន្ទាប់ នៅពេលកំពុងធ្វើការងារនៅក្នុងរោងចក្រ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ និងពុំបណ្ដាលឲ្យមានអ្នកស្លាប់នោះឡើយ ។ រីឯអាជ្ញាធរនិងតំណាងរោងចក្របានដាក់ការសង្ស័យថា កម្មការិនីទាំងនោះត្រូវបានព្រលឹងអ្នកតាថែរក្សារោងចក្រនោះចូលសណ្ឋិត រួចក៏បានទិញផ្លែឈើនិងម្លូស្លា ទៀនធូបយកទៅដាក់សែន ហើយនិមន្តព្រះសង្ឃព្រមទាំងអញ្ជើញលោកតាអាចារ្យឲ្យទៅធ្វើកិច្ចប្រោះព្រំ ដើម្បីសុំសេចក្ដីសុខផងដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន កៃ សេន ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅក្នុងដីឡូត៍ច័ន្ទ សុវណ្ណ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
កម្មករកម្មការិនីរោងចក្រខាងលើបាននិយាយថា នៅក្នុងរោងចក្រមួយនេះមានកម្មករបម្រើការងារសរុបត្រឹមតែ៨៩នាក់ប៉ុណ្ណោះហើយនៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈដែលកំពុងធ្វើការសុខៗ ស្រាប់តែមានកម្មការិនីចំនួនជិត១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយអ្នកទាំងនោះមានអាការៈតឹងណែនទ្រូង ងងឹតមុខ ល្ហិតល្ហៃ ទន់ដៃទន់ជើង ។
បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្មករ កម្មការិនីដែលមិនទាន់សន្លប់ បានទុកការងារឲ្យនៅម្ដុំ រួចនាំគ្នារត់ចេញក្រៅអគាររោងចក្រទាំងការភិតភ័យ ហើយក្រោយមកមិនមានអ្នកសន្លប់បន្តទៀតនោះទេ ។
ទាក់ទងទៅនិងហេតុការណ៍កម្មការិនីដួលសន្លប់ខាងលើនោះ នៅពុំទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ។ ដោយឡែកកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្រោយពេលទទួលបានដំណឹងនោះហើយ ក៏បានចេញទៅអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់នោះហើយដែរ ។ ប៉ុន្តែជាបឋមអាជ្ញាធរ និងតំណាងរោងចក្របានដាក់ការសង្ស័យថា អ្នកតាដែលថែករក្សារោងចក្របានចូលសណ្ឋិតក្នុងខ្លួនកម្មការិនីទាំងនោះ រួចបានទិញផ្លែឈើ និងម្លូស្លា ទៀនធូប ទៅដាក់សែន ហើយនិមន្តព្រះសង្ឃ ព្រមទាំងអញ្ជើញលោកតាអារ្យឲ្យទៅធ្វើកិច្ចពិធីប្រោះព្រំ ដើម្បីសុំសេចក្ដីសុខទាំងពេលនេះនិងទៅថ្ងៃខាងមុខ ។
បើតាមព័ត៌មានចុងក្រោយ កម្មការិនីដែលបានដួលសន្លប់ទាំងនោះ ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យរួចមក មានមួយចំនួនបានធូរស្រាលស្រួលខ្លួនឡើងវិញ និងបានសុំត្រលប់មករោងចក្រវិញ ។ រីឯមួយចំនួនទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយបើគិតមកដល់វេលាម៉ោងជិត១រសៀលថ្ងៃដដែលកម្មករនៅពុំទាន់ចូលធ្វើការវិញនោះទេ ៕










