ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងក្មេងទំនើង៥នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើកាប់ប្លន់យកម៉ូតូ និងជនសង្ស័យចំនួន៥នាក់ទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយកម្លាំងជំនាញព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ សហការជាមួយកម្លាំងព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់ ពីទទួលបានពាក្យបណ្តឹង និងបន្តការស៊ើបអង្កេតស្រាវជ្រាវ។

ករណីទី១៖ កាប់ប្លន់យកម៉ូតូ
ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ ២:៣០នាទីរំលងអធ្រាត្រ នៅចំណុចស្ពានទី៤ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខេង ឃីណាត់ ភេទប្រុស អាយុ១៧ឆ្នាំ ខណៈបក្សពួកចំនួន៣នាក់ទៀតបានរត់គេចខ្លួន។

វត្ថុដែលពាក់ព័ន្ធនឹងករណីនេះ គឺម៉ូតូ Honda C125 ពណ៌ខ្មៅ ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KM-0835 ដែលសមត្ថកិច្ចបានយកមកប្រគល់ជូនជនរងគ្រោះវិញ។

ករណីទី២៖ ក្មេងទំនើងពាក់ព័ន្ធអំពើហិង្សា និងធ្វើឱ្យខូចខាត នៅវេលាម៉ោងប្រមាណ ៣:៣០នាទីរំលងអធ្រាត្រ ក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលសមត្ថកិច្ចកំណត់ថា ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។

ជនសង្ស័យទាំង៥នាក់មានអាយុចន្លោះពី ១៧ដល់ ១៩ឆ្នាំ និងរស់នៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ម៉ូតូ Honda C125 ពណ៌ខ្មៅ ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KZ-9727 ចំនួន១គ្រឿង
ម៉ូតូ C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AN-1192 ចំនួន១គ្រឿង
ទូរស័ព្ទដៃ iPhone 11 Pro Max ពណ៌ស្លែ ចំនួន១គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះបក្សពួក និងអ្នកពាក់ព័ន្ធដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តសហការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះបង្ហាញពីការបន្តពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើស ព្រមទាំងទប់ស្កាត់សកម្មភាពក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print