សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ 

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតទីធ្លា និងសួនសាធារណៈនានា គឺធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីបម្រើដល់សុខុមាលភាព និងផាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាអាទិភាព មុននឹងឈានទៅទាក់ទាញភ្ញៀវទេសចរពីខាងក្រៅ។ សម្រាប់ទិសដៅអភិវឌ្ឍន៍ភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ឬ «កម្មវិធី​ SPIN» លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលប្រើប្រាស់វិធានការគាំទ្រ និងជំរុញការវិនិយោគចំនួន៣៖ ទី១. វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, កម្មវិធី SPINនេះ ទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគជិត ២,៧ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានជិត ៨​៣០០០ កន្លែង។ ដោយឡែក, ក្នុងក្របខណ្ឌទូទាំងប្រទេស, ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ (៧ខែ ដើមឆ្នាំ២០២៦), កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២១៤ គម្រោង គិតជាទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ១៤០​ ០០០កន្លែង ដែលបញ្ជាក់ថា កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគខ្ពស់ តាមរយៈគោលនយោបាយច្បាស់លាស់ និងសក្តានុពលប្រកួតប្រជែង។ 

ជាមួយគ្នានេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលបច្ចុប្បន្នការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៩៥% ដែលក្នុងនោះ ខេត្តមណ្ឌលគិរីបានបញ្ចប់១០០%, ខណៈខេត្តរតនគិរីបានឈូសឆាយដល់គោលដៅរួចរាល់ ប៉ុន្តែបន្តកែសម្រួល និងបន្តសាងសង់សំណង់សិល្បការ និងស្ពាន។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង ឱ្យបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសឆ្លងដែន និងការរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយមិនត្រូវពាក់ព័ន្ធនឹង «សេដ្ឋកិច្ចពណ៌ខ្មៅ» ជាដាច់ខាត ក្រោមអនុសាសន៍ថា «កុំដើរជាន់ភក់ កុំយកភក់មកដាក់ជាប់ខ្លួន» និងត្រូវខិតខំបង្កើតសេដ្ឋកិច្ចពណ៌ស ទោះបីដើរយឺតបន្តិចក៏ដោយ។

ជាចុងក្រោយ, សម្ដេចធិបតីបានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកប្រជាជនជាគោល ហើយសម្រាប់សម្ដេចធិបតី កាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋម្នាក់ៗមាន ៣ យ៉ាងគឺ៖ ទី (១) ធានាសុខភាព, ទី (២) ធានាឱ្យមានចំណេះដឹង និងបំណិន, និងទី (៣) ធានាជីវភាពរស់នៅឱ្យបានល្អប្រសើរ តាមរយៈការបង្កើតការងារ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print