មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ក្រុមហ៊ុនបារាំង មានគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានពិភាក្សាជាមួយក្រុមហ៊ុនបារាំង លើគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ដើម្បីបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​។

CDC បានបន្ថែមថា​ ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS (Société d’Économie Mixte d’Aménagement et de gestion du marché d’intérêt national de Rungis) នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលបងប្អូនប្រជាកសិករផលិតបាន។

លោកឧបនាយករដ្ឋមន្ត្រី​ បានបង្ហាញពីជំហររបស់ ក.អ.ក. ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។

លោក Thierry Febvay បានជម្រាបជូនអំពីបទពិសោធន៍ និងឧត្តមភាពរបស់ SEMMARIS ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ Marché International de Rungis នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុងពិភពលោក។

លោកបានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជាផងដែរ។

...

សូមជម្រាបថា គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញ កសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេលអនាគតផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print