ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈពេលដែលគេបដិសេធសិទ្ធិ ក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។
សកម្មភាពដែលបានរៀបរាប់ខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែន ដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ហើយបានរំលោភលើមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោក ដែលកម្ពុជា និង ថៃបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាសូមបញ្ជាក់ជាថ្មីពីការមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេស ថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជា ជុំរុញ ឱ្យប្រទេស ថៃបញ្ឍប់ បន្តការធ្វើសកម្មភាព នៅក្នុង តំបន់ ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
កម្ពុជាបន្តរក្សានូវការប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕
ដោយ ៖តារា










