ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក CHANGAN DEEPAL S05 មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រលំ១ដើម រួចបន្តទៅបុកបង្គោលដាក់ស្លាកយីហោវីងបាក់មួយដើមទៀត អូសតាមរថយន្តទៅបុកផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋទើបទៅមុខលែងរួចរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកCHANGAN DEEPAL S05 ពណ៌ស មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CQ-2826 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាមុងរិទ្ធី ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករះបង្គោលភ្លើងបំភ្លឺផ្លូវបាក់រលំ១ដើម រួចបន្តទៅបុកបង្គោលស្លាកយីហោវីងបាក់១ដើមបន្ថែមទៀតអូសតាមរថយន្តទៅបុកផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរទើបរថយន្តទៅមុខលែងរួច សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើកបរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញខណ្ឌសែនសុខចុះទៅដល់រួចពិនិត្យទីតាំងរួចទាក់ទងទៅមន្ត្រីជំនាញចរាចរក្រុងបន្តឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










