អាជ្ញាធរឡាវ បានចាប់បញ្ជូនជនជាតិថៃចំនួន ១៥៣នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធ Scammer ត្រឹមរយៈពេលតែ២ថ្ងៃ!

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍​៖​ យោងតាមសេចក្តីរាយការណ៍របស់ Amarin TV កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦​ បាននិយាយថា​ កម្លាំងសមត្ថកិច្ច​របស់ប្រទេសឡាវ បានបន្តចុះបង្ក្រាបទ្រង់ទ្រាយធំ លើបណ្តាញឆបោកតាមអនឡាញ នៅក្នុងទីក្រុងវៀងចន្ទន៍​ ដោយបានចាប់បញ្ជូនខ្លួនជនជតិថៃ ជា Scammer ចំនួន ២៣នាក់ទៀតហើយ ឱ្យមកស្រុកកំណើតវិញ។

រាយការណ៍របស់ Amarin TV បាននិយាយបន្ថែមថា​ ក្នុងចំណោម Scammer ថៃទាំង ២៣នាក់នេះ គឺមានបុរស ៩នាក់ និងស្រ្តី ១៤នាក់ ត្រូវបានបញ្ជូនតាមស្ពានមិត្តភាពឡាវ-ថៃ ទី១ ស្ថិតនៅច្រកព្រំដែន Nong Khai។
មុននេះមួយថ្ងៃ ឡាវក៏បានចាប់បញ្ជូន Scammer ជនជាតិថៃ ចំនួន ១៣០នាក់ ទៅស្រុកវិញផងដែរ ដែលនេះមានន័យថា ត្រឹម២ថ្ងៃប៉ុណ្ណោះ ឡាវចាប់បញ្ជូនឧក្រិដ្ឋជនឆបោកតាមអនឡាញថៃ ទៅស្រុកវិញរហូតដល់ទៅ ១៥៣នាក់។

បន្ថែមពីនេះ​របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ជនជាតិថៃទាំងអស់នេះ បានជួលបន្ទាប់សម្ងាត់ក្បែរកាស៊ីណូ St. Vegas ដើម្បីបើកដំណើរគេហទំព័រហ្គេមអនឡាញខុសច្បាប់ចំនួន៦ ដែលមួយខែៗ រកចំណូលបានចន្លោះ ១៤ ០០០-១៨ ០០០បាត។

ការចុះបង្ក្រាប និងឈានដល់ការបណ្តេញចេញនេះ គឺជាលទ្ធផលនៃប្រតិបត្តិការកាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ នៅឯអគារ ST Vegas ស្ថិតក្នុងភូមិ Dongphosy ស្រុក Hatxayfong។

នៅក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបរហូតដល់ទៅ ៥៨៩នាក់ ដែលមាន ៤សញ្ជាតិផ្សេងគ្នា ក្នុងនោះរួមមាន ជនជាតិថៃ ៣៧៣នាក់, ឡាវ ១៩៩នាក់, វៀតណាម ១៥នាក់ និងជនជាតិផ្សេងទៀត។

ក្នុងប្រតិបត្តិការនោះ គឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលឡាវ ក្នុងការបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអនឡាញ ល្បែងស៊ីសង និងការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ ខណៈ ប៉ូលិសបានចុះប្រតិបត្តិការជាបន្តបន្ទាប់ទាំងនៅក្នុង និងជុំវិញរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕ដោយ​៖តារា​

...

(រូប៖ Amarin TV)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print