ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា កម្លាំងសាមគ្គី និងការចូលរួមពីវិស័យឯកជន គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការទ្រទ្រង់បេសកកម្មមនុស្សធម៌។
ការគូសបញ្ជាក់បែបនេះរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នាឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ A ជាន់ទី៣ នៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាល់ថវិកាភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់ចំគោលដៅ ប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ការសាងសង់ផ្ទះមនុស្សធម៌ និងការសម្រាលជីវភាពគ្រួសារក្រីក្រ ស្របតាមមូលបទ «រួមគ្នាដើម្បីមនុស្សធម៌» ក្នុងខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។
ឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះ វររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជាទាំងអស់។
នាឱកាសនោះដែរ លោកអ្នកឧកញ៉ា គិត ម៉េង បានថ្លែងសុន្ទរកថាគន្លឹះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ទឹកប្រាក់ចំនួន ១.០៤៤.១០០ដុល្លារ (មួយលានបួនម៉ឺនបួនពាន់មួយរយដុល្លារ) ដែលសភាពាណិជ្ជកម្មកម្ពុជាបានគៀងគរ និងនាំយកមកប្រគល់ជូននាពេលនេះ មិនត្រឹមតែជាតួលេខនៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសាក្សីរស់បង្ហាញពីស្មារតីសាមគ្គីភាព កាយវិការសប្បុរសធម៌ និងការទទួលខុសត្រូវសង្គមយ៉ាងខ្ពស់របស់វិស័យឯកជន ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះដែរលោកអ្នកឧកញ៉ា គិត ម៉េង ក៏បានប្តេជ្ញាចិត្តថា និងបរិច្ចាគជូន កាកបាទក្រហកម្ពុជា ជាង១លានដុល្លារឡើងទៅ ជារៀងរាល់ឆ្នាំ។
សូមជម្រាបថា ក្នុងពិធីដ៏មានអត្ថន័យនេះដែរ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងសងខាងផងដែរ។ ប្រកបដោយបរិយាកាសស្និទ្ធស្នាល រំភើប និងពោរពេញដោយបេះដូងមនុស្សធម៌ ដែលជាសាក្សីបញ្ជាក់ថា «វប្បធម៌នៃការចែករំលែក និងកម្លាំងសាមគ្គីធ្លុងមួយរបស់ជនជាតិខ្មែរ គឺនៅតែបន្តរីកដុះដាលយ៉ាងរឹងមាំ និងគ្មានថ្ងៃប្រែប្រួលឡើយ!» ៕




ដោយ៖តារា










