ភ្នំពេញ៖ ការងារមនុស្សធម៌នៅតែជាសសរទ្រូង យ៉ាងរឹងមាំក្នុងការជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។ ឈរលើស្មារតី យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ ក្រុមប្រតិបត្តិសាខាបានចុះបេសកកម្មរៀបចំវគ្គអប់រំបំប៉នសមត្ថភាពជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមសរុបចំនួន៥៨នាក់ ស្រី ១៩នាក់ មកពីឃុំជប់វារី និងឃុំទានកាំ ក្នុងស្រុកព្រះនេត្រព្រះ។
លោកស្រី សុខ លាភា នាយិកាសាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បាន បញ្ជាក់ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹងបណ្តុះស្មារតីលះបង់ និងបង្កើនជំនាញ ជាក់ស្តែងដល់កម្លាំងស្ម័គ្រចិត្តនៅថ្នាក់មូលដ្ឋាន ដោយផ្តោតលើមេរៀនគ្រឹះសំខាន់ៗ ប្រវត្តិចល នា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម បណ្តុះការយល់ដឹងស៊ីជម្រៅពីប្រភពដើម និងបេសកកម្មបម្រើប្រជាជាតិ។ គោលការណ៍គ្រឹះទាំង ៧ ការក្រសោបយកស្មារតី មនុស្សធម៌ ភាពមិនលំ អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព មកធ្វើជាប្រទីបបំភ្លឺផ្លូវក្នុងការប្រតិបត្តិការងារ។
វិជ្ជាសង្គ្រោះបឋមការបណ្តុះបណ្តាលបច្ចេក ទេស និងជំនាញជាក់ស្តែង ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ឬអ្នកដែលមានគ្រោះថ្នាក់ជាយថាហេតុ ឱ្យបានទាន់ពេលវេលាមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ ការចុះពង្រឹងសមត្ថភាពដល់ផ្ទាល់ដីនា ពេលនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវចំណេះដឹងផ្នែកទ្រឹស្តី និងបច្ចេកទេសសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿន និងលើកទឹកចិត្តដល់កម្លាំងស្ម័គ្រចិត្តទាំងអស់ ឱ្យបន្តដើរតួនាទីជាប្រឡាយភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋរងគ្រោះ ឬងាយរងគ្រោះបំផុតនៅក្នុងសហគមន៍”។
តាមរយៈវគ្គបំប៉ននេះ អ្នកស្ម័គ្រចិត្តទាំងអស់នឹងក្លាយជា កម្លាំងចលករដ៏មានឥទ្ធិពល និងជាអ្នក ឆ្លើយតបមុនគេ ប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ ក្នុងការចុះជួយអន្តរាគមន៍សង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ស្របតាម បាវចនាដ៏ថ្លៃថ្លាកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ ចោលឡើយ ៕
ដោយ ៖ សំរិត










