ប្រទេសឥណ្ឌូនេស៊ី៖ រញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី ១៥ ខែសីហា) នេះដោយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់រត់គេចខ្លួនដោយភ័យស្លន់ស្លោបន្ទាប់ពីអាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។ អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីរាក់នេះមានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះ ចម្ងាយប្រហែល ៦៨ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងឆ្នេរសមុទ្រ Ende ដោយការរញ្ជួយដំបូងត្រូវបានបន្តដោយការរញ្ជួយដីខ្លាំងៗនៅក្នុងតំបន់ដដែល រួមទាំងការរញ្ជួយដីមួយកម្រិត ៦.១ រ៉ិចទ័រ និងកើនដល់៧.៧ រ៉ិចទ័រ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគិតត្រឹមព្រឹកថ្ងៃសៅរ៌នេះមានមនុស្សពីរនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ខណៈដែលទំហំនៃការខូចខាតមិនទាន់ត្រូវបានវាយតម្លៃ ដោយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងផ្ទះ អគារជាច្រើនខ្នងដួលរលំ និងបង្ខំឲ្យមនុស្សរស់នៅតំបន់រងគ្រោះរាប់ពាន់នាក់ស្វែងរកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បាន បញ្ជាក់ថា នៅពេលនេះមានអ្នកស្លាប់ពីរនាក់ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់។ លោកបន្តថានៅពេលដែលទិន្នន័យត្រូវបានបញ្ជាក់ យើងនឹងប្រកាសជាផ្លូវការអំពីចំនួនអ្នកស្លាប់ចុងក្រោយ និងទំហំនៃការខូចខាតដល់អគារដែលបណ្តាលមកពីការរញ្ជួយដី។
ភ្លាមៗក្រោយគ្រោះរញ្ជួយដីនេះកើតឡើងការព្រមាននៃការមកដល់នៃរលកយក្សស៊ូណាមិត្រូវបានដាក់ចេញ តែក្រោយមកត្រូវបានដកចេញវិញក្រោយស្ថានភាពល្អប្រសើរឡើងវិញ។
គួររម្លឹកថាប្រទេសឥណ្ឌូនេស៊ី និងប្រទេសក្បែរខាងខ្លួនតែងតែជួបប្រទះនឹងការរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងស្ថិតនៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក ជាខ្សែកោងនៃសកម្មភាពរញ្ជួយដីខ្លាំង ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក។ ក្នុងចំណោមប្រវត្តិសាស្ត្រនៃការរញ្ជួយដីដ៏សាហាវរបស់ប្រទេសឥណ្ឌូនេស៊ី គឺការរញ្ជួយដីដ៏សាហាវកម្រិត ៩.១ រ៉ិចទ័រក្នុងឆ្នាំ ២០០៤ ដែលបានវាយប្រហារឆ្នេរសមុទ្រស៊ូម៉ាត្រា និងបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស ២២០,០០០ នាក់នៅទូទាំងតំបន់ រួមទាំងប្រហែល ១៧០,០០០ នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
ប្រភព ៖ សុីសុីថែមស៍










