ខេត្តកណ្ដាល៖ ករណីចំនួន ១០នាក់នាំគ្នាលើកទូក-ង ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសល ទឹកគួចខ្លាំងបណ្តាលឱ្យលិច រហូតដល់បាត់ ខ្លួនក្មេងខ្លះ។ ហេតុការណ៍លិចទូក នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦ បណ្តាលឱ្យស្លាប់កុមារ ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡង់បូមខ្សាច់បានរួចផុតពីសេចក្ដីស្លាប់ ។
លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ក្មេងចំនួន ១០ នាក់បាន នាំគ្នាលើកទូក-ងខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើ រួច(មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីធ្វើការអុំសម។ លុះដល់ពេលអុំចំងាយពីច្រាំងទន្លេ ប្រហែល ៣០ម៉ែត្រ ហួសកំពង់ដរកោះប្រាក់ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៍នាំគ្នាឆ្លេឆ្លានៅលើទូក ។ ភ្លាមនោះទូកបានលិច ហើយអ្នកអុំទូកចំនួន ០៨នាក់បានលោតចេញពីទូកមុន នៅអ្នកអុំទូក០២នាក់នៅលើទូក ក្រោយមកទូកលិចទៅទើបអ្នកអុំទូក០២នាក់លោតតាមក្រោយដែរ ធ្វើឲ្យទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ដែលចតនៅក្បែរច្រាំង។
លោកអធិការបន្តថា ភ្លាមៗនោះអ្នកអុំទូកចំនួន ០៧នាក់ បានហែលរួច ឡើងគោក ចំណែក ០៣នាក់ទៀតបាត់ ខ្លួនរកមិនទាន់ឃើញ ។
បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកណ្តាល និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយ ដើម្បីស្វែងរកជួយសង្គ្រោះ អ្នកបាត់ខ្លួនចំនួន០៣នាក់៕
ដោយ៖ សុរិយា










