ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ក្នុងចំណោមបក្ខពួក ១១ នាក់ ករណីយកមួកសុវត្ថិភាពវាយលើបុរស២នាក់ នៅលើស្ពានឆ្លងទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន ៦ នាក់ ក្នុងចំណោមបក្ខពួក ១១ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាលើបុរស ២ នាក់ នៅលើស្ពានឆ្លងទន្លេមេគង្គ ស្ថិតនៅភូមិ តាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទីយប់។

តាមការបញ្ជាក់របស់សមត្ថកិច្ចថា ក្រុមក្មេងទំនើងមានគ្នាចំនួន ១១នាក់ ជិះម៉ូតូ ៤គ្រឿង មកដល់ចំណុចកើត ហេតុ ហើយបានឃើញបុរស ២ នាក់ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ កំពុងអង្គុយលេង។ បន្ទាប់មក ពួកគេបានធ្វើសកម្មភាពប្រើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើបុរសទាំងពីរ បណ្តាលឱ្យរងរបួសស្រាល និងបានថតវីដេអូសកម្មភាពនោះ យកទៅបង្ហោះលើបណ្តាញសង្គម។

ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានដាក់បទបញ្ជាភ្លាមៗឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២៦ ដែលមានអាយុចន្លោះពី ១៥ ឆ្នាំ ដល់ ១៩ ឆ្នាំ។

បច្ចុប្បន្ន កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវ ជ្រាវស្វែងរកមុខសញ្ញាដែលនៅសេសសល់ និងកំពុងរត់គេចខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវនាវដល់យុវជន និងក្មេងៗទាំងអស់ ឱ្យចៀសវាងការប្រព្រឹត្តអំពើហិង្សា និងសកម្មភាពក្មេងទំនើង ព្រមទាំងស្តាប់ដំបូន្មានឪពុកម្តាយ និងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print