អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ! 

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃអាទិត្យនេះ ! អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

 

ទី១. រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃបានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានតវ៉ាប្រឆាំងនឹងអាជ្ញាធរថៃ ដែលបានបែងចែកដីធ្លីដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។

 

សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

 

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

 

ទី២. អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា។ អនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការព្យារពេល អំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

 

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់ ២៥ ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗ ចំនួន៤ដង។

 

យោងតាមអនុក្រឹត្យ យោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗ ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀល និងគោលរបបផ្សេងៗមានដូចជា ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខាចាំបាច់មួយចំនួនទៀត។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាបានទទួលការលើកទឹកចិត្តដូចជា មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសាធារណៈ និងមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ។

 

ទី៣. ទីបំផុត អ្នកផ្សះផ្សាទាំងបួនរូបបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ហើយ។ កម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ និងសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។

 

នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ហើយកម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ការសម្រេចបាននូវវឌ្ឍនភាពនៃបញ្ហាទាំងពីរនេះ កើតឡើងក្នុងខណៈពេលដែលសន្តិសុខថាមពលក្នុងតំបន់កំពុងចោទជាបញ្ហា។

 

រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ ដោយសារពេលនេះ គណៈកម្មការផ្សះផ្សាត្រូវបានរៀបចំរួចរាល់ ដូច្នេះ ដំណើរការផ្សះផ្សាត្រូវគេរំពឹងថា នឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print