ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសមជាមួយ លោក KUMAMARU YUJI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់ខ្លួន។
នាឱកាសដ៏មានអត្ថន័យនេះ លោកអភិបាលបានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសជប៉ុនដែលតែងតែជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ។
លោកអគ្គរដ្ឋទូតជប៉ុនក៏បានសម្ដែងការគួរសម និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងស្វាគមន៍វត្ដមានជប៉ុនជាដៃគូក្នុងកិច្ចការអភិវឌ្ឍន៍ ព្រមទាំងការទូតនាឱកាសបេសកកម្មរបស់លោកផងដែរ៕
...
ដោយ៖ សីលា