ភ្នំពេញ៖ សិល្បករ ផលិតករ ដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ដែលបានប្រព្រឹត្តិផ្ទុយនឹងក្រមសីលធម៍អ្នកសីល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយរយៈពេល។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងកម្មវិធីសិក្ខាសាលាមតិបំពេញបន្ថែមលើសេចក្តីព្រាង ”ក្រមសីលធម៌នៃអ្នកសិល្បៈ” ដែលធ្វើឡើងនៅទីស្តីការក្រសួងក្រោមវត្តមានមន្ត្រីក្រសួងពាក់ព័ន្ធសិល្បករផលិតករជាច្រើនរូបចូលរួម។
ការបញ្ជាក់នេះដែរ គឺក្រោយពេលដែលសិល្បៈ ផលិតករ មួយចំនួនបានប្រើប្រាស់ការងារសិល្បៈ របស់ខ្លួនប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរទាំងការជេប្រមាថការលួចចម្លង ការបញ្ចេញរូបភាពសិចស៊ីជ្រុលហួសហេតុជាដើម រហូតមានការរិះគន់ច្រើនពីមហាជន។
រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាជាមួយនឹងសិល្បករផលិតករពេលនេះគឺចូលរួមលើកកម្ពស់ថែរក្សាការពារសិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណជាតិ និងទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។ លោកស្រីបញ្ជាក់ដែរថា កម្មវិធីនេះក៏នឹងកំណត់ពីការដាក់ពិន័យ ឬស្ថានទម្ងន់ទោស ចំពោះសិល្បករផលិតករដែលប្រព្រឹត្តខុសទៅនឹងក្រមសីលធម៌អ្នកសិល្បៈថា គួរដាក់ពិន័យកម្រិតណាមួយ។ លោកស្រីបន្តថា ក្រសួងបានថ្លឹងថ្លែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងក្របខណ្ឌសីលធម៌ព្រោះតែ វាពិបាកក្នុងការកំណត់ណាមួយដូចបន្ទាត់ឬជញ្ជាំងឲ្យជាក់លាក់។ លោកស្រីបញ្ជាក់ថា ក្រសួងមិនចង់ធ្វើការត្រួតពិនិត្យគ្រប់បទចម្រៀង ប៉ុន្តែក្រសួងចង់ឲ្យសិល្បករផលិតករពិនិត្យខ្លួនឯងសិនថា វាគួរឬមិនគួរ ថាតើធ្វើទៅវាបានប្រយោជន៍ទេសម្រាប់សង្គម។ លោកស្រីបញ្ជាក់ថា អ្នកស្តាប់ ទស្សនិកជនមិនមែនល្ងង់ទេ ហើយប្រសិនបើស្នាដៃណាមួយទទួលបានការរិះគន់ច្រើនក្រសួងក៏ពិចារណាក្នុងការហាមប្រាមមិនឲ្យចេញផ្សាយដែរ។ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើឲ្យសិល្បករផលិតករ ទាំងអស់គិតពីតម្លៃជាតិ កិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួន និងសង្គមជាតិជាជាងគិតតែពីប្រាក់តែមួយមុខ។ លោកស្រីថា ការមិនស្វែងយល់និងមិនស្គាល់ពីតម្លៃជាតិនាំឲ្យកិត្តិយសខ្លួនឯងជាអ្នកច្រៀង អ្នកនិពន្ធ អ្នកដឹកនាំបាត់បង់តម្លៃដែរ។
ទោះជាយ៉ាងណាកន្លងមកមានសិល្បករផលិតករមួយចំនួននៅតែមិនខ្លាចរអាក្រសួង និងមិនទទួលយកការរិះគន់ពីមហាជននោះដែរ។ ទាក់ទងនឹងបញ្ហានេះលោកស្រីរដ្ឋមន្ត្រីលើកឡើងថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិធានការណាមួយ ប៉ុន្តែក្រសួងមិនចង់ធ្វើបែបបះដៃយកដៃបះជើងយកជើងនោះទេ គឺក្រសួងមិនចង់ឲ្យសិល្បករផលិតករបោសសំរាមនៅលើថ្នល់ទេ គឺចង់ឲ្យពួកគាត់មានការភ្ញាក់រលឹកថា អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ។ លោកស្រីជឿជាក់ថា កម្មវិធីសិក្ខាសាលានៅពេលនេះនឹងក្លាយជាការបង្កើនចំណេះដឹងនិងជាផែនទីបង្ហាញផ្លូវសម្រាប់សិល្បករផលិតករសម្រាប់យកទៅអនុវត្ត៕
ដោយ៖ វឌ្ឍនា