សារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ខណៈវាជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងម៉ូស្គូ របស់អតីតមេដឹកនាំរបបយោធារូបនេះ ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីស៊ីវិល។
ការិយាល័យរបស់លោកបានឲ្យដឹងថា លោក Min Aung Hlaing ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់ដទៃទៀត បានហោះចេញពីរដ្ឋធានីណៃពិដោ នាព្រឹកថ្ងៃចន្ទនេះ។ លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏ដូចជាប្រធានរដ្ឋសភា ហើយចូលរួមវេទិកាសេដ្ឋកិច្ចមីយ៉ាន់ម៉ា-រុស្ស៊ី។
លោក Min Aung Hlaing បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក ចាប់តាំងពីខែមេសា រួមមានទៅកាន់ប្រទេសចិន ឥណ្ឌា និងថៃ ដែលជាប្រទេសជិតខាង ស្របពេលដែលលោកកំពុងស្វែងរកការនាំមីយ៉ាន់ម៉ា ត្រឡប់មកក្នុងឆាកអន្តរជាតិវិញ បន្ទាប់ពីរងភាពឯកោដោយសារតែការធ្វើរដ្ឋប្រហារយោធា។
រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យផ្ទុះជាសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថា សម្លាប់មនុស្សសរុបរហូតដល់ជាង ១០០ ០០០ នាក់។
លោក Min Aung Hlaing ត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើង ក្រោមការរិះគន់ថាជាបោះឆ្នោតក្លែងក្លាយ ពីសំណាក់បណ្តាប្រទេសលោកខាងលិច និងអង្គការឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍នៃការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា បានលើកឡើងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនេះ មានគោលបំណងពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធយូរអង្វែងរវាងមីយ៉ាន់ម៉ានិងរុស្ស៊ី ព្រមទាំងដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។
យោធាមីយ៉ាន់ម៉ា ប្រើប្រាស់យន្តហោះដែលផលិតដោយរុស្ស៊ីប្រឆាំងនឹងក្រុមឧទ្ទាម ហើយក៏រងការចោទប្រកាន់ផងដែរ ពីការកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារមួយចំនួន ដែលអ្នកឃ្លាំមើលជម្លោះ បាននិយាយថា ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ មីយ៉ាន់ម៉ានិងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា រយៈពេល៥ ឆ្នាំ កាលពីខែកុម្ភៈ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ ទាក់ទងនឹងកិច្ចព្រមព្រៀងនោះ៕
រូបថត:AP










