អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្លាំងពិតរបស់កងទ័ព ស្ថិតនៅលើគុណភាពធនធានមនុស្ស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖  នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម»។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា វេទិកានេះផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន។

ឯកឧត្តម អគ្គមេបញ្ជាការ បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូររបៀបគិត ការគ្រប់គ្រង និងការប្រតិបត្តិការយោធានៅទូទាំងពិភពលោក។

ក្នុងបរិបទនេះ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសនោះទេ ប៉ុន្តែស្ថិតលើគុណភាពធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលបាន។ ដូច្នេះ ការកសាងធនធានមនុស្សឆ្នើម គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកងទ័ពទំនើប ប្រកបដោយវិជ្ជាជីវៈ និងជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

ឯកឧត្តមបន្តថា វេទិកា «អង្គរ-មហាកំពែង» ក៏មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ ការគិតយុទ្ធសាស្ត្រ និងការចែករំលែកចំណេះដឹង ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមរំពឹងថា វេទិកានេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ព្រមទាំងពង្រឹង មិត្តភាពដែកថែប និងទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print