ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា យុវជនគឺ ជាកម្លាំងសំខាន់សម្រាប់អនាគតជាតិ និងជាអ្នកចូលរួមសំខាន់ក្នុងការកសាងសេដ្ឋកិច្ច សង្គម ការពារសន្តិភាព និងអធិបតេយ្យភាពជាតិ តាមរយៈការចូលរួមក្នុងជីវភាពប្រជាធិបតេយ្យ និងការបោះ ឆ្នោត។ ត្រូវ បន្តចូលរួម និងធ្វើឱ្យយុវ ជនចូលរួមក្នុងសកម្ម ភាពសាធារណៈ សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងក្នុងព្រឹត្តិការណ៍ និងកិច្ចប្រជុំនានា ដើម្បីពង្រឹងស្មារតីសកម្ម និងការ ទទួល ខុសត្រូវ ចំពោះសង្គម ។
លោក លី ធុជ សមាជិក គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្ត ស្វាយ រៀង បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និង ការ ត្រៀម ការ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងចែកប័ណ្ណសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំផ្តោតលើការពង្រឹងការ រៀបចំកម្លាំង និងអនុវត្តផែនការឱនយមានប្រសិទ្ធភាព ដើម្បីធានាការបោះឆ្នោតប្រកប ដោយសណ្តាប់ធ្នាប់ និងការចូល រួមទូលំទូលាយពីប្រជាពលរដ្ឋ ដែលប្រព្រឹត្ដទៅកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
លោកបានណែនាំ ដល់មន្ត្រី និងក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រុងបាវិត ឱ្យបន្តយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ និងការពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់សហគមន៍ កន្លែងសាធារណៈ និងតាមសាលារៀន។ ជាមួយគ្នានេះ ត្រូវបំពេញការងារ និងកាតព្វកិច្ចដោយសុជីវធម៌ ការគោរព ភាពរាបសារ និងសុចរិតភាព ព្រមទាំងកាត់បន្ថយ និងបញ្ឈប់រាល់ឧបសគ្គរដ្ឋបាល ការពន្យារពេល និងការចំណាយ មិនចាំបាច់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ក៏បានជំរុញឱ្យបន្តនាំមកនូវការអភិវឌ្ឍនៅមូលដ្ឋាន ពង្រឹងការគាំទ្រសហគមន៍ និងផ្តល់ជំនួយដល់គ្រួសារងាយរងគ្រោះបំផុត ដោយផ្តោតលើការបម្រើផលប្រយោជន៍ប្រជាជនជាចម្បង។
លោក លី ធុជ បានបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ គួរភ្ជាប់ជាមួយការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ការពង្រឹងភាពជឿទុកចិត្តនៅមូលដ្ឋាន និងការបង្កើនការចូលរួមរបស់យុវជន។
យុវជនមានកម្លាំង បោះឆ្នោតមានការចូលរួម ប្រជាជនទទួលបានសេវាល្អ និងប្រទេសជាតិមានអនាគត គឺជាស្មារតីដែលត្រូវបន្តជំរុញឱ្យយុវជន និងសមាជិកគណបក្សទាំងអស់ រួមគ្នាកសាងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាព រីកចម្រើន ថែរក្សាសន្តិភាព និងចូលរួមការពារមាតុភូមិ និងប្រជាជនកម្ពុជា ៕















