ក្មេងប្រុសអាយុ៩ឆ្នាំ រអិលជើងធ្លាក់ចូលក្នុងអូរខាង ក្រោយផ្ទះ ត្រូវសមត្ថកិច្ចស្វែងរកឃើញសាកសព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងអូរខាង ក្រោយផ្ទះ (បាត់ខ្លួន) នៅវេលាម៉ោង០៩:៣៥នាទីព្រឹក ម្តុំក្រោយផ្សារតារាសំណាង ស្ថិតក្នុងក្រុម៥ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាភ្លាមៗដល់ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាត់ចែងកម្លាំងជំនាញ ចំនួន១៣នាក់ បំពាក់សម្ភារ:ឧបករណ៍ជួយសង្គ្រោះ ដឹកនាំដោយ លោកអនុសេនីយ៍ឯក រៀម សុខសំរេច បានចុះទៅដល់ទីតាំងកើតហេតុខាងលើ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមកងសង្រ្គោះ៩១១ ដើម្បីជួយសង្គ្រោះស្វែងរកក្មេងប្រុសដែលបានបាត់ខ្លួន។

តាមការឲ្យដឹងពីឪពុកម្តាយក្មេងរងគ្រោះ ឈ្មោះ លី ហុង ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារ ស្ថិតក្នុងក្រុម៥ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រហូតដល់ម៉ោង១១និង២០នាទី ថ្ងៃខែឆ្នាំដដែល ក្នុង អំឡុងពេលប្រតិបត្តិការជួយសង្រ្គោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងក្រុមកងសង្គ្រោះ ៩១១ បានចូលរួមសហការគ្នាយ៉ាងស្វិតស្វាញដើម្បីស្វែងរកក្មេងរងគ្រោះ ដើរតាមបណ្តោយខ្សែទឹកហូរ ក៏ប្រទះឃើញក្មេងរងគ្រោះ បានអណ្តែតតាមផ្ទៃទឹក នៅ ក្នុងអូរឆ្លងផ្លូវម្ខាងទៀត កម្លាំងជំនាញកងរាជអាវុធហត្ថ បានស្រង់ចេញពីទឹក ប្រគល់ជូនក្រុមកងសង្គ្រោះ៩១១ លើកដាក់ក្នុងរថយន្តដឹកបញ្ជូនភ្លាមៗមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) តែជាអកុសលក្មេងរងគ្រោះបានស្លាប់ ដោយសារលង់ទឹកមុនពេលសមត្ថកិច្ចជួយសង្គ្រោះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print