ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្មួយៗ ដែលជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិ បាល នៃប្រទេសហុងគ្រី ត្រូវចេះគៀងគរ ទាក់ទាញឱ្យនិស្សិតក៏ដូចជាមិត្តភក្កិបរទេស មកទេសចរណ៍ស្រុកខ្មែរឱ្យបានច្រើន។
លោក ឃួង ស្រេង បានណែនាំបែបនេះ ខណៈ លោក ទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រីចំនួន២៣រូប កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្មួយៗនិស្សិតដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យ កាន់តែពូកែថែនទៀត ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជា យើងឱ្យរីកចម្រើនជឿនលឿនក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការប្រឡងជាប់ជានិស្សិតអាហា រូបករណ៍របស់ក្មួយៗ គឺជាមោទនភាពរបស់កម្ពុជាយើង ហើយក៏ជាការបង្ហាញឲ្យឃើញពីខួរក្បាលដ៏វ័យឆ្លាតរបស់កូនខ្មែរ មិនចាញ់និស្សិតបរទេស នៅលើពិភព លោកឡើយ។ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ នៅថ្ងៃទី ២៩ធ្នូឆ្នាំ១៩៩៨ ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាពិតជាមានសក្តានុពល។ ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេសAកាន់តែច្រើនៗឡើង។ ការសិក្សារៀនសូត្រមិនមែន បញ្ចប់ត្រឹមការសិក្សានៅតាមសាលារៀនប៉ុណ្ណោះទេ ពោលគឺត្រូវរៀនឲ្យទាន់បច្ចេកវិជ្ជា រៀនសូត្រជារៀងរហូត ដើម្បីដណ្ដើមបានទីផ្សារការងារនៅលើពិភពលោក។
សុំក្មួយៗជានិស្សិតទាំងអស់ ដែលត្រូវទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រីត្រូវប្រកាន់ភ្ជាប់នៅប្រពៃណី ទំនៀម
ទំលាប់ របស់កម្ពុជាពិសេស សាមគ្គីភាពគ្នាឱ្យបានល្អ។ ធ្វើទំនាក់ទំនងឱ្យល្អជាមួយនឹងនិស្សិតបរទេស បង្ហាញពីវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិរបស់កម្ពុជានិងធ្វើយ៉ាងណា ទាក់ទាញឲ្យមិត្តបរទេស ចាប់អារម្មណ៍ ចង់មកទេសចរណ៍នៅប្រទេសកម្ពុជាយើង។ លោក ឃួង ស្រេង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាការលើកទឹកចិត្តដល់និស្សិតទាំង២៣នាក់នេះផងដែរ៕. ដោយ សំរិត










