ភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿង អ្នកបើកបរធ្វេស ប្រហែស គ្រាដែលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបើកបុករុញជាច្រើនម៉ែត្រ បះជើង រងខូចខាតសងខាង កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៦ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8222 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0025 ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្ត បើកពីត្បូងទៅជើង ឆ្លងផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរថភ្លើង ខ្សែអូសទូកុងតឺន័រ ដឹកទំនិញ បើកពីលិចទៅកើត បុករុញជាច្រើនម៉ែត្រ ប៉ះជើងច្រូង រងខូច ខាតទាំងរថយន្ត ទាំងរថភ្លើង តែមិនបង្កឱ្យអ្នកណារងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ រួមជាមួយតំណាងខាងរថភ្លើង ចុះពិនិត្យ រួចប្រគល់រថយន្តឱ្យទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ រីឯរថភ្លើង កង់ធ្លាក់ចេញពីរ៉ៃ ត្រូវបានក្រុមអ្នកបច្ចេកទេស ធ្វើការតាមជំនាញ ដើម្បីលើកក្បាលរថភ្លើងដាក់លើរ៉ៃវិញ ៕










