ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១. រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីទូទាំងប្រទេសលើកទី១១។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួមគឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានិងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជាដែលបានស្គាល់សុខសន្តិភាព ការឯកភាពទឹកដី និងឯកភាពជាតិរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ដែលផ្តល់ឱកាសពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចសព្វថ្ងៃ គឺជាលទ្ធផលនៃការផ្សះផ្សាបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ។ តាមរយៈនយោបាយផ្សះផ្សា បង្រួបបង្រួមជាតិ និងវប្បធម៌សន្ទនា ខ្មែរគ្រប់និន្នាការអាចជជែកគ្នា ធ្វើការជាមួយគ្នា និងរួមរស់ជាមួយគ្នាក្នុងនាមមហាគ្រួសារខ្មែរបាន។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងតែសណ្តោសប្រោសប្រណី មិនប្រកាន់ទោសពៃរ៍ សូម្បីតែអ្នកដែលធ្លាប់ជេរប្រមាថឬធ្លាប់ជាគូប្រយុទ្ធស្លាប់រស់ជាមួយគ្នាក៏ដោយ។ ជាក់ស្តែង អតីតខ្មែរក្រហម និងអតីតអ្នកនយោបាយបដិបក្ខ សុទ្ធតែទទួលបានការអនុគ្រោះ ហើយអាចធ្វើការរួមគ្នារួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបាន។ គុណធម៌ដ៏ប្រពៃនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការប្រកាសបើកចំហរស្វាគមន៍អ្នកដែលមាននិន្នាការផ្ទុយ តែមានឆន្ទៈចូលរួមចំណែកជួយប្រទេសជាតិពិតប្រាកដពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាភស្តុតាងដែលបញ្ជាក់ពីការបន្តវប្បធម៌សន្ទនា និងការផ្សះផ្សាបង្រួបបង្រួមជាតិមិនចេះរីងស្ងួតរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ជាក់ស្តែង យើងទាំងអស់គ្នានៅចងចាំបាននូវសារដ៏មានអត្ថន័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះរួមគ្នា ពួតដៃគ្នា កសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ ក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។ សារនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌ផ្សះផ្សា បង្រួបបង្រួមជាតិចេញពីបេះដូងអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។
ទី២. ពិភពលោកមិននៅស្ងៀមឡើយចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា៖ សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការកាន់កាប់ទឹកដីកម្ពុជាដោយបំពានច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងថៃ បានលាន់លឺជាបន្ត បន្ទាប់ឥតដាច់ពីបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីសហគមន៍អ្នកស្រឡាញ់សន្តិភាព អ្នកការពារប្រជាជាតិដែលរងការបំពាន និងអ្នកគោរពច្បាប់អន្តរជាតិ ស្របគ្នាជាមួយការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជាថ្មីជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់។ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលផ្តួចផ្តើមដោយកម្ពុជាកំពុងដំណើរការទៅមុខ ខណៈដែលដំណើរការវាស់វែង ខ័ណ្ឌសីមាព្រំដែនគោក តាមរយៈយន្តការ JBC និងការវិលត្រឡប់របស់ជនភៀសសឹកកំពុងត្រូវបានជំរុញដោយរាជរដ្ឋាភិបាលកម្ពុជា និងជាការចង់បានរបស់សហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា










