អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមជួលជុលផ្សារស្ទឹងមានជ័យឡើងវិញ ខណៈផ្សារនេះត្រូវបានបាក់ធ្លុះធ្លាយទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្ដើមជួលជុលផ្សារស្ទឹងមានជ័យឡើងវិញខណៈផ្សារនេះត្រូវបានបាក់ធ្លុះធ្លាយទាំងស្រុង រួចមក ។ បងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាង១០០នាក់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាក ពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារ ស្ទឹងមានជ័យឡើងវិញ ខណៈផ្សារនេះបាក់ធ្លុះធ្លាយជាយូរឆ្នាំណាស់មកហើយ ដោយសារអគារចាស់មួយនេះ បានសាងសង់ឡើង អំពីឈើប្រក់ក្បឿង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មានអាយុកាល ៦៦ឆ្នាំទៅហើយ ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ រួមជាមួយ គណៈកម្មការផ្សារស្ទឹងមានជ័យ បានរៀបចំពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន ឱ្យការរុះរើសំណង់ចាស់ចេញ ហើយសាងសង់ដំបូលផ្សារថ្មីឡើងវិញ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
លោកស្រី អ៊ុក ប៉ូលីកា ជាអាជីករដូរលុយ លោកស្រី ហាក់ ស៊ីយឺន ជាអាជីវករលក់មាស ក៏ដូចជា លោក តាំង ស្រ៊ុន អាជីវករជួសជុលនាឡិកា បានលើកឡើងថា៖ ពួកគាត់ទាំងអស់គ្នាពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានការជួសជុល និងសាងសង់ដំបូលផ្សារឡើងវិញ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទក្ខ និងជីវភាពរស់នៅរបស់បងប្អូនអាជីវករយើងខ្ញុំ ដែលកន្លងមកពួកគាត់រកស៊ីលក់ដូរនៅក្រោមដំបូលផ្សារនេះ ទាំងការភ័យខ្លាច ព្រោះតែអគារផ្សារនេះចាស់ទ្រុឌទ្រោមខ្លាំងពេក។ ផ្សារ ស្ទឹងមានជ័យ បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ សំណង់ធ្វើ អំពីឈើប្រក់ក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ខណៈដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងមានហានិភ័យខ្ពស់ បងប្អូនអាជីវករទាំងអស់បានសំណូមពរមកអាជ្ញាធរឱ្យជួយជួសជុលឡើងវិញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មបានសមរម្យនិងលែងមានហានិភ័យទៀត។
សូមបញ្ជាក់ថា៖ ផ្សារស្ទឹងមានជ័យមានតូបលក់ដូរចំនួន១៨៦តូប ហើយអាជីវករដែលលក់ដូរក្រោមតំបូលផ្សារស្ទឹងមានជ័យនេះមានចំនួន៩៨តូប បើតាមគម្រោងសាងសង់ គឺចាប់ផ្តើមអនុវត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ដោយប្រើប្រាស់ពេលវេលាចំនួន១១០ថ្ងៃនឹងសាងសង់រួចរាល់៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print