ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្រ្តីក្រសួងការបរទេសម្នាក់ និងបក្ខពួកទៅសួរចម្លើយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មន្រ្តីក្រសួងការបរទេសដែល ACU នាំខ្លួនឈ្មោះ ថូ សំណាង ជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកព័ត៌មាននៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។ លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់បានថាបានកំទេចចោល។
ប្រធាន ACU បានបញ្ជាក់ថា យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ថូ សំណាង ពីអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ហើយតែងតាំងលោក ថូ សំណាង ជាទីប្រឹក្សា នៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ អគ្គនាយក៕
ដោយ៖ ជ្រោយពេជ្រ










