ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងប្រុស- ស្រី ចំនួន៨ នាក់ ដែលតែងតែធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ និងដេញកាប់គ្នា ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្រ្កាប និងចាប់ឃាត់ខ្លួនបានចំនួន៦នាក់ និង២នាក់ទៀត កំពុង ស្រាវជ្រាវតាមចាប់បន្ត បន្ទាប់ពីបានរត់គេចខ្លួនបាត់ ។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ បានធ្វើ ឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ទើបកម្លាំងកងរាជអាវុធ ហត្ថខេត្ត ដែលដឹកនាំដោយលោកវរសេនីយទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងនោះតែម្តង ។
លោកវរសេនីយ៍ទោ សូ ឌី បានបញ្ជាក់ថា នាម៉ោង១០ និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន០៨នាក់ ក្នុងនោះស្រី២នាក់ ដែលតែងតែធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ និងដេញកាប់គ្នា ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។
១.ឈ្មោះ អូន អេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ។
២.ឈ្មោះ ឈូ រ៉ាឆៃ ហៅ ហ្វុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ។
៣.ឈ្មោះ ពុធ រក្សា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
៤.ឈ្មោះ ឈួន រ៉ាយុទ្ធ ហៅប៊ូយ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
៥.ឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។
៦.ឈ្មោះ វណ្ណៈ គឹមហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
៧.ឈ្មោះ រ័ត្ន ធីធារី ហៅ និច្ច ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ។
៨.ឈ្មោះ ខ្លឿត ម៉ីលី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះបាន
ដកហូតកាំបិតផ្គាក់០៤ដើម ដាវ ០១ដើម កាំបិតតាំងតោ០១ដើម និងដែកទីប០២ដើម ។
លោកវរសេនីយ៍ទោ សូ ឌី បានឱ្យដឹងទៀតថា ក្រោយសួរចម្លើយ ជនសង្ស័យភេទប្រុសទាំង៦នាក់ បានសារភាពថា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២ទាបភ្លឺ ពួកខ្លួន០៦នាក់បានជិះម៉ូតូ០២គ្រឿងប្រដាប់ដោយដាវ និងកាំបិត ចំនួន០៤ ដើម ជិះឆ្វែល ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដើម្បីរកប្លន់ម៉ូតូ មកដល់ម្តុំរង្វង់មូលរំសាយសក់ ក៏បានប្រទះ ឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ ២០២២ ពួកខ្លួនក៏ធាក់ផ្លួល ជនរងគ្រោះបានរត់ចោលម៉ូតូ រួចបក្ខពួកខ្លួនម្នាក់ស្ទុះទៅលើកម៉ូតូ ជិះយកទៅលាក់ទុកក្នុងបន្ទប់ជួលខាងលើ ។
នៅវេលាម៉ោងប្រហែល៤ទាបភ្លឺ ថ្ងៃដដែល បក្ខពួកខ្លួនបានចេញធ្វើសកម្មភាពម្ដងទៀត នៅលើផ្លូវជាតិលេខ ៥ម្ដុំភូមិអូរចារ សង្កាត់អូរចារក្រុងបាត់ដំបង ដោយធាក់ប្លន់ម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ឆ្នាំ២០១៩ ហើយបានបន្តទៅធាក់ប្លន់ម៉ូតូ០១គ្រឿងទៀត នៅមុខផ្សារភួ ពុយ ប៉ុន្តែមិនបានសម្រេច ពួកខ្លួនក៏ត្រឡប់ទៅបន្ទប់ជួលវិញ ហើយបក្ខពួកខ្លួនពីរនាក់បានជិះម៉ូតូទាំង ពីរគ្រឿងនោះចេញទៅបាត់ បច្ចុប្បន្នកំពុងគេចខ្លួន ។
លោកបន្តទៀតថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង០០និង៥១នាទី នៅភូមិសាស្រ្តសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ពួកខ្លួនមានគ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង បានធ្វើសកម្មភាពដេញកាប់ អ្នកជិះម៉ូតូមួយគ្រឿងមានគ្នា០៣នាក់ ស្រី ០១នាក់ ជនរងគ្រោះបានដួលម៉ូតូ រួចរត់ចោល ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូនោះ ម៉ាកហុងដាឌ្រីម ឆ្នាំ២០២៣ ។
នៅម៉ោងប្រហែលម៉ោង០១ និង ៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ពួកខ្លួនមានគ្នា៨នាក់ ជិះម៉ូតូ ៣គ្រឿង នៅក្រោយសាលាបាឡាត់ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ពួកខ្លួនបានធ្វើសកម្មភាពដេញកាប់ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង នៅម្តុំស្តុបពេទ្យពរ២រហូតដល់ក្រោយសាលាបាឡាត់សង្កាត់ វត្តគរ ក្រុងបាត់ដំបង បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ ហើយរត់ចោលម៉ូតូ ពួកខ្លួនក៏កាប់ម៉ូតូនោះម៉ាកហុងដាឌ្រីម ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតម៉ូតូស្ទើរតែទាំងស្រុង ។
ក្រោយធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើពួកខ្លួន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួន មួយចំនួន និងគេចខ្លួនមួយចំនួន ។
ចំណែកនារីទាំងពីរនាក់ យើងកំពុងសាកសួរ ក្នុងនោះ ម្នាក់ជាម្ចាស់បន្ទប់ និងម្នាក់ទៀតគ្រាន់តែមកលេង ។
បច្ចុបន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងសុំគោលការណ៍មេបញ្ជាការ ឃាត់ខ្លួន ដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










